ចិនក្តុកក្តួលចិត្តពេលដែលមានទុក្ខ ជប៉ុនមិនត្រឹមតែបរិច្ចាគសម្ភារការពារ និងទប់ស្កាត់វីរុសកូរ៉ូណាទេ ថែមទាំងសរសេរពាក្យដ៏រំជួលចិត្តប៉ុន្មានឃ្លានេះ លើកេសឥវ៉ាន់មកទៀត…
យោងតាមអ្នកនាំពាក្យក្រសួងការបរទេសចិននៅថ្ងៃអង្គារទី០៤ ខែកុម្ភៈ បានឱ្យដឹងថា ប្រទេសចិនសូមកោតសរសើរចំពោះការអាណិតអាសូរ ការយោគយល់ និងការគាំទ្ររបស់ជប៉ុន ក្នុងការរួមប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃវីរុសកូរ៉ូណា។ អ្នកនាំពាក្យរដ្ឋាភិបាលអ្នកស្រី Hua Chunying បានធ្វើការកត់សម្គាល់បែបនេះនៅឯសន្និសីទសារព័ត៌មានមួយ នៅពេលដែលគាត់ត្រូវបានគេសួរយោបល់ទាក់ទងនឹងប្រជាជនជប៉ុន ដែលពួកគេបានផ្ញើសារលើកទឹកចិត្តអ្នកនៅក្រុងវូហាន ដែលជាទីក្រុងនៃការផ្ទុះឡើងរបស់វីរុស។ អ្នកស្រីបាននិយាយថា តាំងពីវីរុសនេះផ្ទុះឡើងប្រជាជននិងរដ្ឋាភិបាលជប៉ុន បានសម្ដែងនូវភាពអាណិតអាសូរ ហើយបានបញ្ជាក់ថានឹងធ្វើអ្វីដែលពួកគេអាចធ្វើបាន ដើម្បីជួយសម្រួលទុក្ខធុរៈរបស់ប្រទេសចិន។

យោងតាមអ្នកស្រី Hua Chunying បានឱ្យដឹងថា ក្រុមហ៊ុន និងរដ្ឋាភិបាលជប៉ុន បានបរិច្ចាគម៉ាស់ វ៉ែនតា និងឯកសណ្ឋានការពារជាច្រើន ដើម្បីជួយការពារ និងទប់ស្កាត់វីរុសកូរ៉ូណាដែលកំពុងរាតត្បាតនៅប្រទេសចិន។ ជប៉ុនថែមទាំងសរសេរនៅលើគ្រឿងបរិច្ចាគទាំងនោះថា «ទោះបីនៅឆ្ងាយពីគ្នា យើងស្ថិតនៅក្រោមមេឃតែមួយ» «យើងឈររួមគ្នា អាវក្រោះរបស់ខ្ញុំក៏ដូចជារបស់អ្នក» ល ។ សូម្បីនៅតាមអនឡាញក៏មានពាក្យស្លោក ដែលលើកទឹកចិត្តអ្នកនៅវូហានឱ្យតស៊ូឡើងជាដើម… ដែលទាំងអស់នេះបានសម្ដែងចេញពីទឹកចិត្តជប៉ុន ដែលយល់ទុក្ខលំបាករបស់ប្រជាជនចិន។
អ្នកស្រី Hua Chunying បាននិយាយថា៖ «ខ្ញុំជឿថាអ្នកនិយមលេងអ៊ីនធឺណេតចិនជាច្រើននាក់ ក៏បានកត់សម្គាល់ព័ត៌មានលម្អិតទាំងនេះដែរ។ យើងសូមថ្លែងអំណរគុណដល់ប្រទេសទាំងនោះចំពោះការអាណិតអាសូរ ការយោគយល់ និងការគាំទ្ររបស់ពួកគេក្នុងគ្រាលំបាកនេះ។ យើងនឹងចងចាំវានៅក្នុងចិត្តរបស់យើង»។ អ្នកស្រីនិយាយថា ប្រទេសចិននឹងបន្ដតស៊ូជាមួយសហគមន៍អន្តរជាតិ ដើម្បីប្រឆាំងជាមួយវីរុសរាតត្បាតនេះ ដោយខិតខំឱ្យអស់ពីសមត្ថភាព ហើយវិលត្រឡប់ទៅរកជីវិតធម្មតាវិញឱ្យបានលឿន និងបន្តទំនាក់ទំនងមិត្តភាពជាមួយប្រជាជនមកពីប្រទេសទាំងអស់៕



អត្ថបទ៖ លីដា