សូមអបអរផង! អ្នករត់តាក់ស៊ីថៃម្នាក់ដែលបានឆ្លងវីរុសកូរ៉ូណា ពេលនេះបានជាសះស្បើយវិញហើយ
បាងកក៖ ពលរដ្ឋថៃម្នាក់ដែលជាអ្នកបើកតាក់ស៊ី ហើយបានឆ្លងវីរុសកូរ៉ូណាពីភ្ញៀវទេសចរ ឥឡូវនេះត្រូវបានបញ្ជាក់ថាបានជាពីវីរុស ហើយចំណែកឯគ្រួសារ និងអ្នកមានទំនាក់ទំនងជាមួយគាត់រយៈពេលចុងក្រោយនេះក៏មានសុវត្ថិភាពដូចគ្នា។ រំលឹកដែរថា គាត់ជាអ្នកជំងឺទី៩ ដែលត្រូវបានប្រទេសថៃព្យាបាលឱ្យបានជាសះស្បើយ នាំឱ្យចំនួនអ្នកជំងឺដែលកំពុងសម្រាកព្យាបាលធ្លាក់ចុះដល់១៦នាក់។ របាយការណ៍បញ្ជាក់ថា អ្នកជំងឺដែលបានជាសះស្បើយគឺនឹងជារហូត ហើយភាគច្រើនអ្នកដែលធ្លាក់ខ្លួនឈឺធ្ងន់គឺដោយសារ ពួកគេមានជំងឺជាប់ខ្លួនស្រាប់ ឬជាចាស់ជរា។
មន្ត្រីសុខាភិបាលបានឱ្យដឹងថា អ្នកជំងឺជាជនជាតិថៃម្នាក់នោះមានអាយុ ៥០ឆ្នាំ ហើយគាត់បានឆ្លងវីរុសនេះ ក៏ព្រោះតែគាត់ធ្លាប់បានដឹកអ្នកទេសចរចិនដែលឆ្លងវីរុស។ គាត់ក៏ទទួលបានកោតសរសើរផងដែរ ដោយសារថានៅពេលដែលគាត់មិនស្រួលខ្លួន គាត់បានឈប់រត់តាក់ស៊ី ហើយស្វែងរកការធ្វើតេស្តព្យាបាលភ្លាមៗ។ អ្នករត់តាក់ស៊ីរូបនេះត្រូវបានមន្ទីរពេទ្យ Taksin (ទីក្រុងបាងកក) រកឃើញថាមានផ្ទុកវីរុស ហើយបានផ្ទេរទៅមន្ទីរព្យាបាលរោគឆ្លង Bamrasnaradura កាលពីថ្ងៃទី២៨ ខែមករា៕

អត្ថបទ៖ លីដា


