វេជ្ជបណ្ឌិតចិនម្នាក់សុខចិត្តចំណាយពេលតែ១០ នាទីប៉ុណ្ណោះ ដើម្បីរៀបការ ព្រោះប្រញាប់ទៅព្យាបាលជនរងគ្រោះ ដោយមេរោគកូរ៉ូណាបន្តទៀត
ចិន៖ ស្របពេលដែលការផ្ដោតសំខាន់ចំពោះមេរោគកូរ៉ូណាបានក្លាយជាជម្រើសអទិភាពសម្រាប់ប្រជាពលរដ្ឋចិននោះ គេសង្កេតឃើញថា មានរឿងរ៉ាវខុសប្រក្រតីជាច្រើនបានកើតឡើងនៅក្នុងសង្គមផងដែរ។ ជាក់ស្តែង មានវេជ្ជបណ្ឌិតចិនម្នាក់ត្រូវបានគេរាយការណ៍ថា បានប្រើពេលប្រមាណជា ១០ នាទីប៉ុណ្ណោះ ដើម្បីរៀបចំពិធីមង្គលការផ្ទាល់ខ្លួនរបស់គាត់ និងបានធ្វើឲ្យពិធីរៀបការមួយនេះក្លាយជាពិធីរៀបការដែលប្រើពេលខ្លីបំផុតផងដែរ។ យោងតាមការចុះផ្សាយក្នុងសារព័ត៌មាន chinatimes បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្រុង Heze ខេត្ត Shandong ភាគខាងត្បូងប្រទេសចិន។

ប្រភពខាងលើបានបន្តថា តាមការពិតទៅគេបានគ្រោងរៀបចំពិធីមង្គលការមួយនេះឲ្យមានភាពអធិកអធមតាំងពីឆ្នាំមុនម្លះ យ៉ាងណាក្តីដោយមេរោគកូរ៉ូណាបានបង្កឲ្យមានភាពចលាចលពេញប្រទេសចិននោះ គេក៏សម្រេចធ្វើខ្លីៗដូចនេះតែម្តង។ ពិធីមង្គលការនេះមានការចូលរួមពីមនុស្ស ៥ នាក់តែប៉ុណ្ណោះ គឺឪពុកម្តាយរបស់កូនកំលោះកូនក្រមុំ និងលោកអាចារ្យម្នាក់ដែលជាដឹកនាំកម្មវិធីទាំងមូល។ ក្រោយចំណាយពេលប្រមាណជា ១០ នាទី ដើម្បីរៀបការរួច កូនកំលោះដែលជាវេជ្ជបណ្ឌិតត្រូវព្យាបាលអ្នកជំងឺនៃមេរោគកូរ៉ូណាក៏ប្រញាប់ត្របល់ទៅកាន់មន្ទីរវិញ ដើម្បីបំពេញតួនាទីដ៏មមាញឹក និងសំខាន់បំផុតរបស់គាត់ក្នុងការជួយសង្គ្រោះជីវិតជនរងគ្រោះ៕

អត្ថបទ៖ ភក្តី
ប្រភព៖ Chinatimes