ចំនួនអ្នកស្លាប់ដោយវីរុសកូរ៉ូណាកើនដល់ជាង ៧០០នាក់ និងជាង ៣៤,០០០ នាក់បានឆ្លង
ចិន៖ ចំនួនអ្នកស្លាប់ដោយសារការផ្ទុះឡើងនៃវីរុសកូរ៉ូណា បានកើនឡើងដល់ ៧២២នាក់ គិតត្រឹមថ្ងៃសៅរ៍នេះ ខណៈដែលប្រទេសចិនកំពុងជាប់គាំងដោយសារការរាតត្បាត ដែលបានឆក់យកជីវិតរបស់វេជ្ជបណ្ឌិតក៏មានប្រជាប្រិយម្នាក់ និងបង្កើតជាភាពភ័យស្លន់ស្លោទូទាំងពិភពលោក។ ឥឡូវនេះចំនួនអ្នកស្លាប់បានកើនឡើង លើសចំនួនមនុស្សដែលបានស្លាប់ដោយសារជំងឺ SARS នៅចិនដីគោក និងហុងកុង ក្នុងកំឡុងពេលនៃការផ្ទុះជំងឺឆ្នាំ ២០០២-២០០៣ ទៅទៀត។ កាលពេលនោះមានតែមនុស្ស ៨១នាក់ ប៉ុណ្ណោះដែលបានស្លាប់នៅក្រុងវូហាន។

រហូតមកដល់ពេលនេះមានមនុស្សជាង ៣៤,០០០នាក់ បានឆ្លងវីរុសនៅទូទាំងប្រទេសចិន ហើយតួលេខមិនមានឃើញថយចុះទាល់តែសោះ។ ចំណែកម្សិលមិញនេះក្រុមអ្នកស្រាវជ្រាវចិនបានឱ្យដឹងថា ថ្មីៗនេះពួកគេបានរកឃើញភាពដូចគ្នារបស់វីរុសកូរ៉ូណា និងសត្វពង្រូលរហូតដល់ទៅ ៩៩% ហើយដូចដែលយើងបានដឹងហើយថា វាជាប្រភេទសត្វជិតផុតពូជ ដែលមានស្រកាត្រូវបានប្រើក្នុងឱសថបុរាណ និងមានសាច់ដែលត្រូវបានលក់នៅក្នុងទីផ្សារងងឹត។ ប៉ុន្តែយ៉ាងណាពួកគេនៅតែមិនទាន់ដឹងថា សត្វទាំងនេះចម្លងរោគមកមនុស្សរបៀបណានោះទេ៕


អត្ថបទ៖ លីដា