យន្តហោះបើកបរខុសបច្ចេកទេសជ្រុលទៅកៀរពីលើរថយន្តមួយគ្រឿងបង្កឲ្យមានមនុស្សម្នាក់ស្លាប់នៅព្រលានយន្តហោះដងមឿង ប្រទេសថៃ
ថៃ៖ បុគ្គលិកម្នាក់បម្រើការងារនៅក្នុងព្រលានយន្តហោះអន្តរជាតិ Don Mueang ប្រទេសថៃបានស្លាប់បាត់បង់ជីវិតនៅក្នុងឧប្បត្ដិហេតុមួយបង្កឡើងដោយយន្តហោះបើកបរខុសបច្ចេកទេស និងបានទៅកិនពីលើរថយន្តមួយគ្រឿងសម្រាប់ប្រើប្រាស់ក្នុងបរិវេណព្រលានយន្តហោះ។ បើតាមសារព័ត៌មាន Coconuts បានឲ្យដឹងថា យន្តហោះមួយគ្រឿងនេះជាប្រភេទយន្តហោះដឹកអ្នកដំណើរមានជើងហោះហើរលេខ Nok Air flight DD6458 ហើយខណៈដែលយន្តហោះកំពុងតែរៀបហោះហើរចេញនោះ ស្រាប់តែយន្តហោះបានបើកទៅកិនលើរថយន្តមួយគ្រឿងដែលមានមនុស្ស ២ នាក់នៅក្នុងនោះ។

ភ្លាមៗក្រោយកើតហេតុបុគ្គលិកម្នាក់បានស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង ខណៈដែលបុគ្គលិកម្នាក់ទៀតជាអ្នកបើកបររថយន្តត្រូវរងរបួសធ្ងន់ធ្ងរ។ បន្ទាប់ពីមានបញ្ហាដូចខាងលើនេះយន្តហោះត្រូវពន្យាពេលហោះហើរជាច្រើនម៉ោង តែអ្នកដំណើរនៅលើយន្តហោះទាំងអស់គ្មានបញ្ហាអ្វីនោះទេ។ លោកអ្នកអាចទស្សនាហេតុការណ៍នេះដូចក្នុងវីដេអូខាងក្រោម៖
អត្ថបទ៖ ភក្តី

