យន្តហោះមួយគ្រឿងរបស់ British Airways បានហោះក្នុងល្បឿនជាង ១ ៣០០គីឡូម៉ែត្រ/ម៉ោង ដោយសារមានព្យុះជួយបក់ពីក្រោយ
ក្រុមអ្នកជំនាញកំពុងសាទរចំពោះការហោះហើររបស់ British Airways ដោយសារយន្តហោះ Boeing 747-436 ដែលចេញពីទីក្រុង New York សហរដ្ឋអាមេរិក ទៅកាន់ទីក្រុង London របស់អង់គ្លេស របស់អាកាសចរណ៍មួយនេះ បានហោះក្នុងល្បឿនលឿនបំផុត គឺក្នុងល្បឿន 1,327 គីឡូមែត្រ/ម៉ោង ដោយសារអំណាចព្យុះ Ciara ជាជំនួយ។ យន្តហោះបានប្រើពេលតែ ៤ម៉ោង និង ៥៦នាទី ដើម្បីទៅដល់ព្រលាន Heathrow ពោលគឺទៅដល់មុនម៉ោងកំណត់ ៨០នាទី ឯណោះ។ យោងតាម Flightradar24 ដែលជាសេវាកម្មតាមដានការហោះហើរអនឡាញឱ្យដឹងថា យន្តហោះនេះបានបំបែកកំណត់ត្រាចាស់ ដែលមានរយៈពេល ៥ម៉ោង និង១៣នាទី ដោយអាកាសចរណ៍ Norwegian ។

BBC មិនទាន់អាចផ្ទៀងផ្ទាត់កំណត់ត្រាដោយឯករាជ្យបានទេ ព្រោះគ្មានមូលដ្ឋានទិន្នន័យពេញលេញនៃពេលវេលាហោះហើរនៅឡើយ។ ថ្វីបើយន្តហោះបានហោះលឿនជាងល្បឿនសំឡេង (Speed of sound) ក៏យន្ដហោះគ្មានការខូចខាតដែរ ព្រោះវាត្រូវបានជួយដោយខ្យល់ព្យុះ Ciara មិនមែនជាការបង្ខំឱ្យហោះលឿននោះទេ។ យោងតាមអ្នកជំនាញបើកយន្តហោះលោក Alastair Rosenschein បានឱ្យដឹងថា យន្ដហោះដឹកអ្នកដំណើរទំនើបជាធម្មតាធ្វើដំណើរក្នុងល្បឿនប្រហែល ៨៥% នៃល្បឿនសំឡេង (343 ម៉ែត្រ/វិនាទី) ហើយយន្តហោះនេះបានហោះដល់ល្បឿនយ៉ាងអស្ចារ្យមួយ។ ប៉ុន្តែយ៉ាងណាទោះបីជាទទួលបានការសាទរក្ដី ក្រុមហ៊ុន British Airways បាននិយាយថា ពួកគេតែងតែផ្តល់អាទិភាពសុវត្ថិភាពច្រើនជាងកំណត់ត្រាល្បឿន ហើយអ្នកបើកយន្តហោះរបស់ពួកគេ សុទ្ធតែទទួលការបណ្តុះបណ្តាលខ្ពស់ ហើយតែងនាំយកអ្នកដំណើរទៅដល់គោលដៅមុនកាលកំណត់ដោយសុវត្ថិភាព៕



អត្ថបទ៖ លីដា