វៀតណាមរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាទី១៥ ដែលជាទារិកាអាយុទើបតែ ៣ខែ ប៉ុណ្ណោះ
ក្រសួងសុខាភិបាលវៀតណាមនៅថ្ងៃអង្គារនេះ បានរាយការណ៍ករណីទី១៥ នៃវីរុសកូរ៉ូណា ដែលអ្នកជំងឺគឺជាទារិកាអាយុ ៣ខែ រស់នៅក្នុងស្រុក Binh Xuyen ក្នុងខេត្ត Vinh Phuc ហើយទំនងជាឆ្លងវីរុសពីជីដូនរបស់គេ។ ក្រសួងបានឱ្យដឹងថា ទារិកាបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០។ គួរឱ្យដឹងដែរថា ភាគច្រើននៃករណីដែលបានបញ្ជាក់នៅវៀតណាម គឺចេញមកពីខេត្តតែមួយ។ ប៉ុន្តែយ៉ាងណាវៀតណាមហាក់មានទឹកដៃល្អក្នុងការព្យាបាលវីរុសកូរ៉ូណា ដោយក្នុងចំណោមករណីទាំង ១៥ ពួកគេព្យាបាលឱ្យសះស្បើយបាន ៦នាក់ ហើយអ្នកដែលបានជាពីវីរុសក៏បានចេញពីមន្ទីរពេទ្យហើយដែរ។

មុនពេលដែលទារិកាបានឆ្លងវីរុសពីជីដូន កាលពីថ្ងៃទី២៨ ខែមករា នាងតូចត្រូវបានគេនាំទៅលេងផ្ទះជីដូននៅទីរួមខេត្ត Binh Xuyen ប៉ុន្តែពេលនោះជីដូនមិនបានដឹងថាខ្លួនឆ្លងវីរុសនោះទេ។ ស្ត្រីចំណាស់បានឆ្លងជំងឺនេះពីកូនស្រីអាយុ ២៣ឆ្នាំរបស់គាត់ម្នាក់ទៀត ដែលជាកម្មករម្នាក់ក្នុងចំណោមកម្មករ ៨នាក់ ដែលបានទៅធ្វើការនៅទីក្រុង Wuhan សម្រាប់ការបណ្តុះបណ្តាលការងារកាលពីខែវិច្ឆិកា និងបានត្រឡប់មកវិញនៅថ្ងៃទី១៧ ខែមករា។
បន្ទាប់ពីជីដូនរបស់ទារិកាបានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុស ជាមួយការបញ្ជាក់ពីមជ្ឈមណ្ឌលគ្រប់គ្រងជំងឺខេត្ត ក្រុមគ្រូពេទ្យបានដាក់ទារិកា និងម្តាយរបស់ទារិកាដោយឡែកដើម្បីតាមដាន ពីព្រោះពួកគេមានទំនាក់ទំនងជិតស្និទ្ធជាមួយជីដូនម្នាក់នោះ។ នៅថ្ងៃទី០៦ ខែកុម្ភៈ ទារិការវើរវាយ ប៉ុន្តែមិនមានគ្រុនក្ដៅនោះទេ។ ប៉ុន្តែយ៉ាងណាការធ្វើតេស្តលើគំរូឈាមរបស់នាងតូចបានបង្ហាញថា នាងឆ្លងវីរុសកូរ៉ូណា 2019-nCov ។ ចំណែកម្តាយទារកមានសុខភាពល្អ ប៉ុន្តែក៏ត្រូវបានដាច់ឆ្ងាយនៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រក្នុងស្រុកដែលកំពុងរង់ចាំលទ្ធផលនៃការធ្វើតេស្ត៕


អត្ថបទ៖ លីដា
ប្រភព៖ vnexpress