បុរសម្នាក់ដែលព្យាយាមយកងៀតកណ្តុរចូលក្នុងប្រទេសម៉ាឡេស៊ីត្រូវប៉ូលិសឃាត់ខ្លួន ព្រោះគេសង្ស័យថាសាច់កណ្តុរទាំងនោះមានផ្ទុកមេរោគកូរ៉ូណា
ម៉ាឡេស៊ី៖ ខណៈដែលមេរោគកូរ៉ូណាកំពុងតែរាតត្បាតពេញពិភពលោកនោះប្រទេសជាច្រើនបានបន្ថែមការត្រួតពិនិត្យនៅតាមច្រកព្រំដែននិងនៅប្រលានយន្តហោះ ដើម្បីកាត់បន្ថយកម្រិតនៃការចម្លងមេរោគឲ្យនៅទាបបំផុត។ ក្នុងហេតុផលនេះហើយទើបបុរសម្នាក់ត្រូវបានប៉ូលិសម៉ាឡេស៊ីឃាត់ខ្លួននៅក្នុងប្រលានយន្តហោះអន្តរជាតិ Penang ក្រោយរូបគាត់ព្យាយាមនាំយកងៀតសាច់កណ្តុរចូលក្នុងប្រទេសម៉ាឡេស៊ី។ បុរសដែលត្រូវបានគេឃាត់ខ្លួនខាងលើបានប្រាប់ថា ងៀតកណ្តុរនោះគឺជាអាហាររបស់គាត់មានទម្ងន់ប្រមាណជា ៧៨០ ក្រាម ហើយគាត់មានទម្លាប់សាច់កណ្តុរយូរណាស់មកហើយតែគាត់មិនដែលមានបញ្ហាអ្វីនោះទេ។
យ៉ាងណាក្តី ប៉ូលិសម៉ាឡេស៊ីបានបញ្ជាក់ថា ងៀតកណ្តុរនោះពុំមានលិខិតបញ្ជាក់ច្បាស់លាស់ពីអាជ្ញាធរសុខាពិបាលថា វាពិតជាមានសុវត្ថិភាព ១០០% សម្រាប់ទទួលទាននោះទេ ដូចនេះហើយគេត្រូវតែធ្វើការហាមឃាត់ដើម្បីការពារមិនឲ្យមានករណីចម្លងមេរោគកើតឡើងដោយហេតុផលណាមួយ។ សូមរម្លឹកជូនថា មេរោគកូរ៉ូណាដែលបានឆ្លងទៅមនុស្សរាប់ម៉ឺននាក់ និងសម្លាប់មនុស្សជិត ១ ពាន់នាក់នោះ ត្រូវបានក្រុមអ្នកជំនាញដាក់ការសង្ស័យថា ទំនងជាមានប្រភពមកសាច់សត្វព្រៃ ឬសាច់សត្វកម្រដែលមនុស្សបានបរិភោគ៕
អត្ថបទ៖ភក្តី


