ឥទ្ធិពលនៃមេរោគកូរ៉ូណាធ្វើឲ្យពិធីមង្គលការមួយត្រូវរៀបចំឡើងដោយគ្មានភ្ញៀវចូលរួមសូម្បីតែម្នាក់
ចិន៖ ខណៈដែលកម្មពិធីរៀបមង្គលការទូទៅមានភ្ញៀវចូលរួមជាច្រើននាក់នោះ ប្តីប្រពន្ធជនជាតិមួយគូបែរជារៀបការដោយគ្មានភ្ញៀវចូលរួមសូម្បីតែម្នាក់ ព្រោះគេខ្លាចមានករណីចម្លងមេរោគកូរ៉ូណា។ លោក Zhang Long ដែលជាកូនកំលោះបានប្រាប់ឲ្យដឹងថា ការពិតទៅគាត់គ្រោងនឹងអញ្ជើញភ្ញៀវប្រមាណជា ៥០០ នាក់ ប្រើប្រាស់រថយន្តចំនួន ២០ គ្រឿង អមជាមួយអ្នកកំដរប្រុសស្រីចំនួន ៤ គូ នៅក្នុងថ្ងៃរៀបការរបស់គាត់ តែយ៉ាងណាក្តីគម្រោងមួយនេះត្រូវលុបចោលទាំងអស់ព្រោះតែឥទ្ធិពលនៃការរាតត្បាតមេរោគកូរ៉ូណា។

នៅក្នុងពីធីមង្គលការមួយនេះគេបានសង្កេតឃើញថា មានអ្នកចូលត្រឹមតែ ៥ នាក់ប៉ុណ្ណោះ ពោលគឺមានតែកូនកំលោះកូនកូនក្រមុំ ឪពុកម្តាយខាងកូនស្រី និងលោកអាចារ្យម្នាក់ដែលជាអ្នកដឹកនាំកម្មពិធី។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺអ្នកដែលមានវត្តមាននៅក្នុងកម្មពិធីទាំងអស់សុទ្ធតែពាក់ម៉ាស់យ៉ាងខ្ជាប់ខ្ជួន ដើម្បីការពារករណីចម្លងមេរោគកូរ៉ូណា។ សូមបញ្ជាក់ជូនថា ពិធីរៀបការខាងលើនេះបានរៀបចំឡើងនៅក្នុងខេត្ត Shandong មានចម្ងាយជាង ៩០០ គីឡូម៉ែត្រពីក្រុង Wuhan ដែលជាកន្លែងកំណើតនៃមេរោគកូរ៉ូណា៕
អត្ថបទ៖ភក្តី

