ការសិក្សាថ្មីមួយនៅចិនបង្ហាញថា រយៈពេលបង្ករោគនៃវីរុសកូរ៉ូណាគឺអាចមានរហូតដល់ ២៤ថ្ងៃ មិនមែនត្រឹមតែ ១៤ថ្ងៃនោះទេ
កាលពីមុនយើងបានដឹងជាទូទៅថា រយៈពេលបង្ករោគ (incubation) នៃវីរុសឆ្លងកូរ៉ូណាថ្មី (2019-nCoV) ដែលផ្ទុះឡើងពីក្រុងវូហាន ត្រូវបានគេសន្មត់ថា មានរយៈពេលរហូតដល់ ១៤ថ្ងៃ ហើយអ្នកជំងឺដែលឆ្លងអាចត្រូវបានគេទុកដោយឡែកក្នុងរយៈពេលនេះ។ តែទោះយ៉ាងណាការស្រាវជ្រាវថ្មីដោយផ្អែកលើទិន្នន័យប្រមូលពីអ្នកជំងឺជាង ១,០០០នាក់ នៅក្នុងប្រទេសចិនបានរកឃើញថា រយៈពេលនៃការភ្ញាស់វីរុសនេះអាចមានរយៈពេល ២៤ថ្ងៃ ជាជាងរយៈពេល ១៤ថ្ងៃ តាមរបាយការណ៍ចាស ហើយមានមនុស្សតិចជាងពាក់កណ្ដាលដែលអាចដឹងពីរោគសញ្ញារបស់ពួកគេ នេះបើយោងតាមការចុះផ្សាយរបស់សារព័ត៌មានសិង្ហបុរី straitstimes ។

ការសិក្សាដោយអ្នកស្រាវជ្រាវមកពីមន្ទីរពេទ្យ និងសាលាវេជ្ជសាស្ត្រចិន ដឹកនាំដោយវេជ្ជបណ្ឌិត Zhong Nanshan អ្នកជំនាញខាងរោគរាតត្បាតចិន និងជាអ្នករកឃើញមេរោគ Sars ក្នុងឆ្នាំ២០០៣ បានបង្ហាញថា មនុស្សជាច្រើនមិនទាន់ដឹងអំពីវីរុស 2019-nCoV នេះនៅឡើយទេ ហើយថាវិធីសាស្រ្តកំណត់អត្តសញ្ញាណដំបូងអាចភាពខ្វះចន្លោះ ដោយមនុស្សដែលឆ្លងវីរុសមួយចំនួនធំមិនអាចរកឃើញថាឆ្លងបានទេ។ ពោលគឺមានតែ ៤៣.៨% នៃអ្នកជំងឺបានចេញរោគសញ្ញាគ្រុនក្ដៅ ប៉ុន្តែវាមានរហូតដល់ទៅ ៨៧.៩% នៃអ្នកជំងឺបានចេញរោគសញ្ញាគ្រុនក្ដៅ នៅអំឡុងពេលតាមដាននៅឯមន្ទីរពេទ្យ។
ការគ្មានចេញរោគសញ្ញាគ្រុនក្ដៅនេះអាចច្រើនជាង Sars និង Mers ទៅទៀត។ ហេតុដូច្នេះយើងមិនអាចចាប់អ្នកជំងឺបានទេ ប្រសិនបើការពិនិត្យនៅតាមច្រកទ្វារពឹងផ្អែកទៅលើរោគសញ្ញាគ្រុនក្ដៅតែមួយមុខ។ ជាធម្មតាសំណាកអ្នកជំងឺត្រូវបានគេយកទៅធ្វើតេស្ត នៅពេលដែលពួកគាត់បានចេញរោគសញ្ញាទៅហើយ។ របាយការណ៍បាននិយាយដែរថា ក្នុងចំណោមអ្នកជំងឺ ៨៤០នាក់ ដែលស្ថិតក្នុងការសិក្សានេះ មានតែពាក់កណ្ដាលប៉ុណ្ណោះមានចេញរោគសញ្ញាដែលអាចឱ្យយើងមើលដឹងតាមរយៈការស្គេន។ សរុបមកវិញការស្គេនតែមួយមុខមិនអាចតាមដានបានទាំងអស់នោះទេ ហើយចំពោះរយៈពេលបង្ករោគក៏មិនមែនត្រឹមតែ ១៤ថ្ងៃដែរ៕



អត្ថបទ៖ លីដា
ប្រភព៖ straitstimes