ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ភោជនីយដ្ឋានជាច្រើននៅក្រុងហុងកុងសម្រេចដាក់រនាំងកញ្ចក់ការពារនៅតាមតុ ដើម្បីកាត់បន្ថយកម្រិតនៃការចម្លងមេរោគកូរ៉ូណា

    BY autoadmin February 13, 2020
    ភោជនីយដ្ឋានជាច្រើននៅក្រុងហុងកុងសម្រេចដាក់រនាំងកញ្ចក់ការពារនៅតាមតុ ដើម្បីកាត់បន្ថយកម្រិតនៃការចម្លងមេរោគកូរ៉ូណា

    ហុងកុង៖ ភោជនីយដ្ឋានជាច្រើនកន្លែងនៅក្នុងក្រុងហុងកុងបាននាំគ្នាបង្កើតរនាំងការពារមួយនៅលើតុញ៉ាំអាហារ ដើម្បីកាត់បន្ថយកម្រិតនៃចម្លងមេរោគកូរ៉ូណាក្នុងចំណោមអតិថិជនឲ្យនៅទាបបំផុត។ តាមរយៈរូបភាពដែលបានចុះផ្សាយនៅក្នុងសារព័ត៌មានអេឡិចត្រូនិច South China Morning Post បានបង្ហាញថា ភោជនីយដ្ឋានមួយចំនួនបានប្រើប្រាស់កញ្ចក់ធ្វើជារនាំងខាន់ចែកដាក់នៅលើតុដែលអនុញ្ញាតឲ្យភ្ញៀវអាចអង្គុយមើលមុខគ្នាបាន តែរនាំងអាចកាត់បន្ថយកម្រិតសាយភាយមេរោគតាមផ្លូវដង្ហើមពីមនុស្សម្នាក់ទៅកាន់មនុស្សម្នាក់បាន។

    ដោយឡែកភោជនីយដ្ឋានខ្លះវិញត្រូវបានគេមើលឃើញថា បានប្រើប្រាស់រនាំងធ្វើពីក្រណាត់សម្រាប់ខាន់ចែកតុនីមួយៗ ដោយតុមួយភ្ញៀវអាចអង្គុយបានទល់មុខគ្នាតែពីនាក់ប៉ុណ្ណោះ តែមិនអាចមើលឬងាកមកនិយាយទល់មុខគ្នាជាមួយនឹងអ្នកអង្គុយនៅតុបន្ទាប់គ្នាឡើយ។ គួររម្លឹកជូនថា ការសម្រេចប្រើប្រាស់រនាំងការពារមេរោគនៅតាមភោជនីយដ្ឋានក្នុងក្រុងហុងកុងបានធ្វើឡើងក្រោយមានករណី មនុស្ស ៩ នាក់ដែលជាសមាជិកនៃគ្រួសារតែមួយបានឆ្លងមេរោគកូរ៉ូណាព្រមគ្នា ក្រោយពួកគេទៅបរិភោគស៊ុបរួមគ្នានិងបានប្រើប្រាស់សម្ភារៈមួយចំនួនរួមគ្នា។ គិតរហូតមកទល់នឹងពេលនេះក្រុងហុងកុងមានចំនួនអ្នកឆ្លងមេរោគកូរ៉ូណាចំនួន ៤២ ករណី ហើយក្នុងនោះក៏មានករណីស្លាប់ម្នាក់ផងដែរ៕

    អត្ថបទ៖ ភក្តី

    Share This Post: