វៀតណាមចាប់ដៃជាមួយអ្នកជំនាញអាមេរិក ដើម្បីបង្កើតវ៉ាក់សាំងប្រឆាំងជំងឺប៉េស្តជ្រូកអាហ្វ្រិក
ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានស្នើសុំឱ្យក្រសួងកសិកម្មអាមេរិកដើម្បីផ្ទេរសំណាកវីរុសមកវៀតណាមវិញ ដូច្នេះវ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកអាហ្វ្រិកអាចត្រូវបានស្រាវជ្រាវ និងផលិតឡើង។ ការថ្លែងបែបនេះត្រូវបានធ្វើឡើងនៅក្នុងសម័យប្រជុំធ្វើការរវាងតំណាងក្រសួងវៀតណាម និងក្រសួងកសិកម្មសហរដ្ឋអាមេរិក ដែលធ្វើឡើងចាប់ពីថ្ងៃទី១០-១៤ ខែកុម្ភៈ ឆ្នាំ២០២០។ ក្រសួងបាននិយាយថា វៀតណាមបានបញ្ជូនសំណាកមេរោគចំនួន ២០ ពីខេត្តចំនួន ១៧ ទៅកាន់សហរដ្ឋអាមេរិកដើម្បីស្រាវជ្រាវ និងផលិតវ៉ាក់សាំង ហើយពួកគេក៏កំពុងស្នើវាមកវិញផងដែរ។

ក្រសួងបានស្នើឱ្យសហរដ្ឋអាមេរិក ពិចារណាគាំទ្រអ្នកជំនាញបច្ចេកទេសវៀតណាមឱ្យទៅសហរដ្ឋអាមេរិក ឬបញ្ជូនអ្នកជំនាញអាមេរិកទៅវៀតណាម ដើម្បីធ្វើការស្រាវជ្រាវរួមគ្នា និងផលិតវ៉ាក់សាំងការពារជំងឺប៉េស្តជ្រូកនេះ។ ពួកគេក៏បានស្នើឱ្យភាគីអាមេរិកគាំទ្រការអភិវឌ្ឍដំណើរការវាយតម្លៃគុណភាពវ៉ាក់សាំងសម្រាប់វៀតណាម ដើម្បីប្រកាសឱ្យប្រើប្រាស់សាកល្បងវ៉ាក់សាំងតាមស្តង់ដារ បន្ទាប់ពីការស្រាវជ្រាវបានជោគជ័យ។ នៅក្នុងកិច្ចប្រជុំនេះ អ្នកវិទ្យាសាស្ត្រអាមេរិកបានប្រកាសលទ្ធផលរបស់ពួកគេដែរថា ពួកគេបានបង្កើតវ៉ាក់សាំងសាកល្បងមួយ ដែលអាចប្រឆាំងជំងឺនេះយ៉ាងមានប្រសិទ្ធភាពរួចហើយ។ ប៉ុន្តែយ៉ាងណាក៏ដោយពួកគេត្រូវការសិក្សាឱ្យបានច្រើនជាងនេះ មុនពេលវាត្រូវបានប្រើប្រាស់ជាផ្លូវការ៕



អត្ថបទ៖ លីដា