តាំងពីមានការផ្ទុះឡើងនៃវីរុស COVID-19 មក បុគ្គលិកពេទ្យនៅចិនយ៉ាងហោច ៥០០នាក់បានឆ្លងវីរុសនេះ
យ៉ាងហោចណាស់មានបុគ្គលិកពេទ្យចំនួន ៥០០នាក់ នៅទីក្រុងវូហាន ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃវីរុសកូរ៉ូណា COVID-19 ចាប់តាំងពីពាក់កណ្ដាលខែមករាបានឆ្លងវីរុសនេះ។ វេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកាមួយចំនួនធំបានឆ្លងវីរុសនេះ ដែលធ្វើឱ្យមានការព្រួយបារម្ភខ្លាំងឡើងៗ ចំពេលដែលអ្នកជំងឺកាន់តែច្រើន ហើយបុគ្គលិកពេទ្យដែលនៅប្រចាំការកាន់តែតិចទៅៗ។ ប៉ុន្តែយ៉ាងណាក៏ដោយមិនមានរបាយការច្បាស់លាស់ចេញពីរដ្ឋាភិបាលរបស់ពួកគេនោះទេ ដោយសារថាបុគ្គលិកពេទ្យទាំងនោះត្រូវបានគេបញ្ជាមិនឱ្យប្រាប់ចំនួនសរុបពិតជាសាធារណៈ។

ហេតុផលសម្រាប់បទបញ្ជានេះមិនទាន់ត្រូវបានគេដឹងនៅឡើយទេ ប៉ុន្តែអាជ្ញាធរបានព្យាយាមលើកកម្ពស់សីលធម៌ក្នុងចំណោមបុគ្គលិកពេទ្យជួរមុខ ជាពិសេសបន្ទាប់ពីមរណភាពរបស់លោក Li Wenliang ដែលបានស្លាប់ដោយសារវីរុសនេះ។ រំលឹកដែរថា លោកវេជ្ជបណ្ឌិត Li Wenliang ជាមនុស្សដំបូង ដែលបានព្រមានពីវីរុសដ៏សាហាវនេះ ប៉ុន្តែដំបូងឡើយអាជ្ញាធរចិនចោទថាគាត់និយាយបំពុលទៅវិញ។
ទាក់ទងនឹងរបាយការណ៍ដែលថាមានបុគ្គលិកពេទ្យឆ្លងវីរុសនេះ ប្រភពពីមន្ទីរពេទ្យធំមួយនៅវូហាន ដែលមានចំណេះដឹងអំពីស្ថានភាពបានបញ្ជាក់ថា រឿងនេះពិតជាត្រឹមត្រូវមែន។ វាស្របគ្នាជាមួយតួលេខដែលផ្តល់ដោយវេជ្ជបណ្ឌិតពីរនាក់ផ្សេងទៀត មកពីមន្ទីរពេទ្យធំៗនៅក្រុងវូហាន។ ក្នុងចំណោមអ្នកឆ្លងទាំង ៥០០នាក់ នោះរួមមាន បុគ្គលិកយ៉ាងហោច ១០០នាក់ មកពីមន្ទីរពេទ្យ Wuhan Xiehe និងមន្ទីរពេទ្យ Renmin នៃសាកលវិទ្យាល័យ Wuhan ដោយមាន ៥០ ករណីទៀតពីមន្ទីរពេទ្យ Wuhan No.1 និងមន្ទីរពេទ្យ Zhongnan៕


អត្ថបទ៖ លីដា
ប្រភព៖ scmp