អ្នកផ្ទុកវីរុសកូរ៉ូណាលើនាវា Diamond Princess ដែលចតនៅជប៉ុន ពេលនេះកើនដល់ ២១៨នាក់
យោងតាមការប្រកាសពីក្រសួងសុខាភិបាលជប៉ុននៅថ្ងៃព្រហស្បតិ៍នេះបានឲ្យដឹងថា មនុស្សចំនួន ៤៤នាក់ថ្មីទៀតនៅលើនាវាទេសចរណ៍ Diamond Princess ត្រូវបានធ្វើតេស្តឃើញថាមានផ្ទុកវីរុសកូរ៉ូណា COVID-19។ ក្នុងនោះមានជនជាតិជប៉ុនចំនួន ២៩នាក់ និង ១៥នាក់ទៀត ជាជនជាតិដទៃផ្សេងៗទៀត ហើយក្នុងចំណោមករណីថ្មីនេះ ៤៣នាក់ ជាអ្នកដំណើរ និងម្នាក់ជាសមាជិកនាវិក ដែលធ្វើឱ្យតួលេខអ្នកឆ្លងវីរុសនេះនៅលើនាវា កើនឡើងដល់ ២១៨ នាក់។

ទន្ទឹមនឹងនេះចំនួនសរុបនៃករណីដែលបានបញ្ជាក់នៅក្នុងប្រទេសជប៉ុនទាំងអស់គឺមាន ២៤៧នាក់។ អ្នកដំណើរលើនាវាចំនួន ៥នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យមុនពេលមានអាការៈកាន់តែធ្ងន់ធ្ងរ។ បន្ថែមពីនេះអ្នកជំងឺ ៤០នាក់ ក្នុងចំណោមអ្នកដែលបានឆ្លងវីរុសចំនួន ៤៤នាក់ នៅថ្ងៃនេះភាគច្រើនមានអាយុលើសពី ៧០ឆ្នាំ។ យោងតាមប្រព័ន្ធផ្សព្វផ្សាយបានឲ្យដឹងថា ប្រហែល ៨០% នៃអ្នកដំណើរនៅលើនាវាទេសចរណ៍មានអាយុលើសពី ៦០ឆ្នាំ ឬ លើសពីនេះ ដោយមនុស្សស្ថិតក្នុងវ័យ ៨០ឆ្នាំ ឡើងទៅមានចំនួន ២១៥ នាក់ និងវ័យ ៩០ឆ្នាំ មានចំនួន ១១នាក់ ដែលសុទ្ធសឹងតែជាអ្នកងាយរងគ្រោះពីវីរុកូរ៉ូណា។
ដោយសារមូលហេតុនេះហើយបានបង្ខំឲ្យរដ្ឋាភិបាលជប៉ុនផ្លាស់ប្ដូរវិធានការរបស់ខ្លួន ដោយអ្នកដំណើរដែលអាយុចាប់ពី ៨០ឆ្នាំឡើងទៅ ដែលត្រូវបានបង្ខាំងទុកដើម្បីតាមដានពីជំងឺ ឬ អ្នកដែលត្រូវបានសង្ស័យ នឹងអនុញ្ញាតឲ្យចេញពីនាវានៅថ្ងៃសុក្រ ស្អែកនេះ ប្រសិនបើពួកគេទៅធ្វើតេស្តិ៍ឃើញថាមិនមានផ្ទុកជំងឺ ប៉ុន្តែត្រូវស្នាក់នៅកន្លែងដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុន៕



អត្ថបទ៖ លីដា