ថៃ យល់ព្រមអោយនាវា២គ្រឿង ផ្ទុកមនុស្សជាង៤ពាន់នាក់ចូលចត នៅកោះភូកេត ក្រោយពេលធ្លាប់បដិសេធ នាវា Westerdam
បើតាមការចុះផ្សាយរបស់កាសែត បាងកកប៉ុស្តិ៍ នៅព្រឹកថ្ងៃទី១៤ ខែកុម្ពៈ ឆ្នាំ២០២០ នេះបានអោយដឹងថា រដ្ឋាភិបាលថៃ បានអនុញ្ញាតអោយនាវាដឹកអ្នកដំណើរ២គ្រឿង ដែលមានមនុស្សសរុបជាង៤ពាន់នាក់ ចូលចតនៅកោះភូកេត នៅថ្ងៃព្រហស្បតិ៍ ម្សិលមិញនេះ ក្រោយមានការបញ្ជាក់ពីមន្ត្រីសុខាភិបាលសាធារណៈ ថាអ្នកដំណើរទាំងអស់នោះគ្មានផ្ទុកមេរោគ Covid19 នោះឡើយ។

ប្រភពព័ត៌មានដដែលបានបន្តអោយដឹងទៀតថា នាវា The Bahamas-flagged Seabourn Ovation បានដឹកភ្ញៀវទេសចរណ៍ចំនួន 495នាក់ ជាមួយនឹងបុគ្គលិកសរុប 470នាក់ ដែលនាវានេះបានចាកចេញពីប្រទេសម៉ាឡេស៊ី។ នាវាមួយទៀតមានឈ្មោះថា Quantum of the Seas ដែលមានផ្ទុកមនុស្សចំនួន 3,100នាក់ ក៏ត្រូវបានភាគីថៃ អនុញ្ញាតអោយចូលចតផងដែរ ដោយនាវាមួយនេះនឹងចេញដំណើរបន្តទៅកាន់ប្រទេសសឹង្ហបុរី។
គួរបញ្ជាក់ផងដែរថា ប្រទេសថៃ ធ្លាប់បានធ្វើការបដិសេធនាវា Westerdam មិនអោយចូលចតក្នុងប្រទេសរបស់ខ្លួន ព្រោះខ្លាចឆ្លងមេរោគកូរ៉ូណា រហូតធ្វើអោយសាស្ត្រាចារ្យម្នាក់ឈ្មោះ Piti Srisaengnam ដែលជាសាស្ត្រាចារ្យនៃសកលវិទ្យាល័យ Chulalongkorn បានធ្វើការរិះគន់ថា ថៃបានបាត់បង់ឱកាសល្អ ក្នុងការបង្ហាញពីមនុស្សជាតិ ទៅកាន់ពិភពលោក នេះបើតាមការចុះផ្សាយរបស់ កាសែត thaipbsworld៕

លោកសាស្ត្រាចារ្យ Piti Srisaengnam




