ស្នូរកាំភ្លើង ២០គ្រាប់ បានបន្លឺឡើងនៅចំកណ្តាលទីក្រុងបាងកក ជាសំណាងគ្មានអ្នករងរបួស
អន្តរជាតិ February 14, 2020 lyda

ប៉ូលីសបាននិយាយថាពួកគេបានស្វែងរកបុរសម្នាក់ ដែលបានបាញ់បោះសេរីយ៉ាងហោចណាស់ ២០គ្រាប់ នៅទីសាធារណៈមួយក្បែរសាកលវិទ្យាល័យជូឡាឡុងកននៅព្រឹកថ្ងៃសុក្រនេះ។ សាក្សីដែលបានឃើញហេតុការណ៍ផ្ទាល់ភ្នែកបាននិយាយថា ពួកគេបានឮស្នូរកាំភ្លើងនៅ Chula Soi 10 ក្នុងតំបន់ Pathum Wan ។ គេនៅមិនទាន់ច្បាស់ថា តើមានអ្នករងរបួសនៅក្នុងឧប្បត្តិហេតុនេះឬយ៉ាងណា ខណៈហេតុការណ៍កើតឡើងតែប៉ុន្មានថ្ងៃ បន្ទាប់ពីមានការបាញ់ប្រហារដ៏ធំមួយ ដែលបានសម្លាប់ជនរងគ្រោះ ២៩នាក់ នៅខេត្តកូរ៉ាត។

មានសាក្សីម្នាក់បាននិយាយថា ខ្មាន់កាំភ្លើងបានតម្រង់អាវុធរបស់គាត់ទៅលើអ្នកថ្មើរជើងផងដែរ ហើយដំបូងគាត់គ្រាន់តែបាញ់ទៅលើមេឃប៉ុណ្ណោះ។ យ៉ាងណាក៏ដោយពេលនេះប៉ូលីសបានឡោមព័ទ្ធចាប់ជនល្មើសបានហើយ ដោយជនល្មើសត្រូវបានគេស្គាល់ឈ្មោះថា Ekkachai Charueksilp អាយុ ៤៤ឆ្នាំ។ មានការឱ្យដឹងដែរថា គាត់មានជម្លោះជាមួយគ្រួសារមុនពេលដែលគាត់ចាប់ផ្ដើមបាញ់បោះនេះ។ ក្នុងហេតុការណ៍នេះមិនមានការរងរបួសទេ ប៉ុន្តែមានការខូចខាចរបស់របរមួយចំនួន៕

អត្ថបទ៖ លីដា