អន្តរជាតិ

អាជ្ញាធរវៀតណាមចុះចាប់ទីតាំងផលិតម៉ាស់ក្លែងក្លាយ ដែលយកក្រដាសបង្គន់មកធ្វើ

BY
autoadmin
February 14, 2020

វៀតណាម៖ អាជ្ញាធរទីក្រុងហាណូយបានរកឃើញក្រុមហ៊ុនមួយ ដែលប្រើក្រដាសបង្គន់ដើម្បីផលិតម៉ាស់ ចំពេលមានតម្រូវការកើនឡើងដោយសារតែការផ្ទុះឡើងនៃវីរុសកូរ៉ូណា COVID-19។ មន្រ្តីផ្សារកាលពីថ្ងៃពុធបានរកឃើញក្រដាសបង្គន់ខ្នាតធំរាប់សិបនៅឯរោងចក្រមួយ របស់ក្រុមហ៊ុនវៀតហាន់អិលធីឌី (Viet Han Company Ltd) ក្នុងស្រុក Thuong Tin ។ នាយកដ្ឋានអង្កេតទីផ្សារហាណូយបាននិយាយថា ក្រដាសបង្គន់ទាំងនេះកំពុងត្រូវបានប្រើដើម្បីជំនួសស្រទាប់អង់ទីប៊ីយ៉ូទិក ដែលត្រូវបានប្រើជាធម្មតានៅក្នុងម៉ាស់ (surgical mask)។ នាយកដ្ឋានក៏បានរឹបអូសម៉ាស់ទាំងនោះរួចហើយដែរ និងរង់ចាំការសម្រេចចិត្តដាក់ទោសឱ្យធ្ងន់ធ្ងរ ព្រោះក្រុមហ៊ុននេះបានឆ្លៀតឱកាសយកផលចំណេញចំពេលមានការភ័យខ្លាចវីរុសកូរ៉ូណា។

មុននេះក៏អាជ្ញាធរផ្សារបានរកឃើញ និងរឹបអូសម៉ាស់ចំនួន ១៤០,០០០ ដែលមានប្រភពដើមមិនច្បាស់លាស់ដែរ ហើយភាគច្រើនធ្វើពីក្រដាសបង្គន់ដូចគ្នា ប៉ុន្តែមន្ត្រីមិនទាន់រកកន្លែងផលិតឃើញនៅឡើយ។ ប្រភពនិយាយថា ជាធម្មតាស្រទាប់បាក់តេរីនៅពីក្នុងម៉ាស់ត្រូវបាននាំចូលពីប្រទេសចិន ប៉ុន្តែការផ្ទុះឡើងនៃវីរុសកូរ៉ូណា COVID-19 នៅក្នុងប្រទេសចិន បានបណ្តាលឱ្យការផ្គត់ផ្គង់មិនគ្រប់គ្រាន់។ គួរឱ្យដឹងដែរថា ក្នុងរយៈពេល ១២ថ្ងៃ ចុងក្រោយនេះ អាជ្ញាធរទីផ្សារនៅទូទាំងប្រទេសបានរកឃើញការរំលោភបំពានជាង ៤,២០០ករណី ទាក់ទងនឹងការផលិតម៉ាស់។ ម៉ាស់បានក្លាយជារបស់មានតម្លៃពិបាករកទិញពីគ្រប់ទីកន្លែង ខណៈប្រទេសវៀតណាមផ្ទាល់មានអ្នកឆ្លងវីរុសចំនួន ១៦ករណី៕

អត្ថបទ​៖ លីដា
ប្រភព៖ vnexpress

Share This Post: