អន្តរជាតិ

វៀតណាមបន្តបន្ថែមថ្ងៃឈប់សម្រាកឱ្យសិស្សសាលា ដើម្បីទប់ស្កាត់ការរាលដាលនៃវីរុសកូរ៉ូណា COVID-19

BY
autoadmin
February 15, 2020

សាលារៀន និងសាលាមត្តេយ្យទាំងអស់នៅទីក្រុងហាណូយ បានបិទទ្វារចាប់តាំងពីថ្ងៃឈប់សម្រាកបុណ្យចូលឆ្នាំចិនមកម៉្លេះ ពោលគឺចាប់តាំងពីចុងខែមករា។ នេះបើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Vietnam Star News។ ដើមឡើយថ្ងៃត្រឡប់ទៅសាលារៀនវិញរបស់ពួកគេត្រូវបានកំណត់នៅថ្ងៃទី០៣ ខែកុម្ភះ ប៉ុន្តែត្រូវបានពន្យាពេល ២ដង រហូតដល់ថ្ងៃទី១៧ ខែកុម្ភៈ ដោយសារការរីករាលដាលនៃវីរុសកូរ៉ូណា។ ហើយលើកនេះជាលើកទី៣ ដែលការឈប់សម្រាកតាមសាលាត្រូវបានពន្យារបន្ថែម ដល់ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២០។

ចំណែកនៅទីក្រុងហូជីមិញវិញ គណៈកម្មាធិការប្រជាជនទីក្រុងនៅថ្ងៃសុក្រនេះបានអនុម័តថា សាលានានានឹងត្រូវបិទទ្វាររហូតដល់ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០។ ទន្ទឹមនឹងនេះនៅតាមបណ្តាខេត្ត និងទីក្រុងប្រមាណជាង ១២ ក្នុងប្រទេសបានប្រកាសថា សាលារៀនរបស់ពួកគេនឹងបើកដំណើរការវិញនៅសប្តាហ៍ក្រោយ គឺចាប់ពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០។ សម្រាប់មហាវិទ្យាល័យមានមនុស្សជាច្រើនបានសម្រេចចិត្តឱ្យនិស្សិតឈប់សម្រាករហូតដល់ចុងខែ។ រំលឹកដែរថា ប្រទេសវៀតណាមមានករណីវីរុសកូរ៉ូណាបានបញ្ជាក់ចំនួន ១៦ ក្នុងនោះមាន ៧នាក់ បានជាសះស្បើយ និងចេញពីមន្ទីរពេទ្យរួចហើយ៕

អត្ថបទ៖ លីដា

Share This Post: