ថៃប្រមូលសិស្ស និងគ្រូប្រមាណ ៣ពាន់នាក់ មកតម្រៀបជារូបបេះដូង ផ្ញើក្តីស្រលាញ់ទៅចិន ដែលកំពុងប្រយុទ្ធជាមួយវីរុសកូរ៉ូណា COVID-19
ថៃ៖ សិស្សសាលាប្រមាណ ៣,០០០នាក់ បានប្រមូលផ្តុំគ្នាកាលពីថ្ងៃសុក្រ ទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ ម្សិលមិញនេះ នៅក្នុងខេត្តអយុធ្យា ដើម្បីផ្ញើក្តីស្រឡាញ់ទៅកាន់ប្រទេសចិន ដែលកំពុងប្រឈមមុខនឹងការរីករាលដាលនៃវីរុសកូរ៉ូណា COVID-19 ។ សិស្ស និងគ្រូបង្រៀននៅសាលា ជីរ៉ាសាត វ៉ាធីយ៉ា (Jirasat Wittaya) បានឈរជុំគ្នាជារូបបេះដូង ជាមួយនឹងហ្មដំរីលើកទង់ជាតិ ចិន-ថៃ នៅលើខ្នងដំរី។ លោក Liang Jie គ្រូបង្រៀនភាសាចិនមកពីទីក្រុង Xiamen របស់ប្រទេសចិនបាននិយាយថា៖ «ឥឡូវនេះនៅក្នុងប្រទេសចិនប្រជាជនមានការភិតភ័យ និងព្រួយបារម្ភ ដូច្នេះប្រជាជនមកពីប្រទេសដទៃទៀត គួរតែផ្តល់ទំនុកចិត្តដល់ពួកគេ ដូច្នេះពួកគេអាចបន្តទៅមុខទៀត»។

លោកបន្តថា៖ «ដូច្នេះប្រសិនបើប្រជាជនថៃអាចផ្តល់ទំនុកចិត្ត និងការគាំទ្រដល់ពួកយើង យើងនឹងអរគុណដល់ពួកគេ»។ រំលឹកដែរថា ប្រទេសថៃបានកត់ត្រាករណីឆ្លងវីរុសកូរ៉ូណាសរុបចំនួន ៣៣នាក់ ហើយរហូតមកដល់ពេលនេះមិនទាន់មានអ្នកស្លាប់នោះទេ។ នៅក្នុងរបាយការណ៍ចុងក្រោយរបស់ខ្លួន គណៈកម្មការសុខភាពជាតិរបស់ប្រទេសចិនបាននិយាយថា ខ្លួនបានកត់ត្រានូវការស្លាប់ថ្មីចំនួន ១២១នាក់ និងករណីឆ្លងវីរុសថ្មីចំនួន ៥,០៩០ករណី (បន្ថែម) នៅចិនដីគោក ដែលបានបង្កើនចំនួនអ្នកឆ្លងដល់ទៅ ៦៣,៨៥១នាក់ គិតត្រឹមថ្ងៃព្រហស្បតិ៍៕





អត្ថបទ៖ លីដា