ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    នៅវៀតណាមអ្នកខ្លះងើបតាំងពីម៉ោង ៤ភ្លឺ មកទិញម៉ាស់ពេទ្យ ប៉ុន្តែនៅតែគ្មានគ្រប់គ្រាន់

    BY autoadmin February 17, 2020
    នៅវៀតណាមអ្នកខ្លះងើបតាំងពីម៉ោង ៤ភ្លឺ មកទិញម៉ាស់ពេទ្យ ប៉ុន្តែនៅតែគ្មានគ្រប់គ្រាន់

    មនុស្សជាច្រើនបានសម្រុកទៅផ្សារលក់ដុំថ្នាំពេទ្យដ៏ធំបំផុតនៅទីក្រុងហូជីមិញ តាមបណ្តោយផ្លូវ Nguyen Gian Thanh ក្នុងសង្កាត់លេខ១០ ទីក្រុងហូជីមិញ នៅព្រឹកព្រលឹមថ្ងៃទី១៦ ខែកុម្ភៈ ដើម្បីទិញម៉ាស់វេជ្ជសាស្រ្ត ការពារ និងប្រយុទ្ធប្រឆាំងនឹងវីរុសកូរ៉ូណា COVID-19 ។ ដូចដែលបានឃើញក្នុងរូបភាព ហាងធំៗនៅទីនោះត្រូវបានបិទទៅវិញ ពីព្រោះពួកគេបានលក់ម៉ាស់ចេញចំនួន ១,០០០ប្រអប់ រួចហើយ។ រូបភាពបង្ហាញថា មនុស្សជាច្រើនបានឈរនៅខាងក្រៅយ៉ាងកកកុញ ដើម្បីព្យាយាមទិញម៉ាស់ ហើយវាបានបង្កឱ្យមានភាពចលាចលមានការស្ទះចរាចរណ៍ជាដើម។

    តាមសម្ដីអ្នករង់ចាំទិញម៉ាស់ម្នាក់គាត់បានឱ្យដឹងថា គាត់ខំជិះម៉ូតូមកពីស្រុក មកចាំទិញម៉ាស់តាំងពីម៉ោង ៤ភ្លឺ ប៉ុន្តែគាត់បានអាក់អន់ចិត្តទៅវិញ ដោយសារតែមិនអាចទិញម៉ាស់ទាន់អ្នកផ្សេងៗទៀត។ គាត់និយាយថា​៖ «វាគួរឱ្យសោកស្តាយពេលនេះ ប៉ុន្តែខ្ញុំទទួលស្គាល់។ តាំងពីម៉ោង ៤ភ្លឺ ខ្ញុំនៅទីនេះ ប៉ុន្តែពេលឃើញស្ថានភាពនេះ ខ្ញុំពិតជាអស់សង្ឃឹមខ្លាំងណាស់។ ពួកគេបានព្យាយាមត្រឡប់ទៅស្រុកកំណើតវិញ ប៉ុន្តែក៏ព្យាយាមរង់ចាំមើលថា តើពេទ្យនៅសេសសល់ម៉ាស់លក់ឱ្យទេ ប៉ុន្តែយ៉ាងណានៅតែមិនអាចមានលទ្ធភាពទិញវាបាន»។

    គាត់បន្ថែមថា ឥឡូវនេះគ្មានការទិញតាមអនឡាញទេ បើមានគឺលក់ក្នុងតម្លៃ ៤០០,០០០ដុង (១៧.២ដុល្លារអាមេរិក) ក្នុងមួយប្រអប់។ អ្នករង់ចាំទិញម្នាក់ទៀតក៏បានប្រាប់ឱ្យដឹងថា គាត់បានប្រញាប់មកតម្រង់ជួរទិញម៉ាស់ភ្លាមនាម៉ោង ៥ព្រឹក បន្ទាប់ពីគាត់បានទទួលដំណឹងថានឹងមានការលក់ម៉ាស់ ប៉ុន្តែគួរឱ្យស្ដាយម៉ាស់ត្រូវលក់អស់ សូម្បីតែអ្នកមករង់ចាំតាំងពីម៉ោង ១ ឬ ២ រំលងអាធ្រាត ក៏នៅតែទិញមិនបាន។ ចំណែកអ្នករត់តាក់ស៊ីម្នាក់បានឱ្យដឹងថា គាត់ត្រូវប្រើពេល ៥ម៉ោង ទម្រាំអាចទិញបានម៉ាស់ ២ប្រអប់ និងទឹកលាងដៃ​ ១ ក្នុងតម្លៃ ៥ដុល្លារ៕

    អត្ថបទ៖ លីដា
    ប្រភព៖ vietnammoi

    Share This Post: