អន្តរជាតិ

ឧបនាយករដ្ឋមន្ត្រីវៀតណាមបន្ទោសអាជ្ញាធររបស់ខ្លួន ដែលមិនព្រមឱ្យនាវា AIDAvita ចូលចតនៅកំពង់ផែរបស់ប្រទេស

BY
autoadmin
February 17, 2020

នាវាអ៊ីតាលី Aida Vita ដែលប្រតិបត្តិការដោយ AIDA Cruises ដើមឡើយត្រូវគ្រោងចូលចតនៅកំពង់ផែទីក្រុង Ha Long ទីក្រុងនៃឆ្នេរ Ha Long Bay ដែលសម្បត្តិជាបេតិកភណ្ឌពិភពលោក ប៉ុន្តែត្រូវបានអាជ្ញាធរនៅទីនោះមិនអនុញ្ញាតនោះទេ ដោយសារមានការភ័យខ្លាចពីវីរុសកូរ៉ូណា COVID-19 ហើយខណៈពេលនេះប្រទេសថៃក៏បានប្រកាសថានឹងស្វាគមន៍ពួកគេ។ យ៉ាងណាមិញដំណឹងនេះបានធ្វើឱ្យឧបនាយករដ្ឋមន្ត្រីវៀតណាមលោក Vu Duc Dam មិនសប្បាយចិត្តនោះទេ ហើយលោកបានស្ដីបន្ទោសដល់អាជ្ញាធរនៅទីនោះ ហើយព្រមានអាជ្ញាធរដទៃមិនឱ្យយកគំរូតាមនោះទេ។

លោកឧបនាយកនិយាយថា ថ្វីបើត្រូវការរឹតបន្តឹងអនុវត្តគោលការណ៍អន្តោប្រវេសន៍ និងត្រូវការធ្វើចត្តាឡីស័ក (quarantine) លើនាវាដែលចេញពីតំបន់មានអ្នកឆ្លងវីរុស ប៉ុន្តែពួកគេត្រូវធ្វើវាដោយសេចក្ដីគោរព និងមិនត្រូវឱ្យប៉ះពាល់ដល់ទេសចរណ៍ ឬសកម្មភាពជំនួញនោះទេ។ ជម្រាបដែរថា បន្ទាប់ពីការសម្រេចចិត្តរបស់អាជ្ញាធរក្រុង នាវាទេសចរណ៍បានសម្រេចលុបចោលការធ្វើដំណើរទៅប្រទេសវៀតណាមទាំងមូល ដែលធ្លាប់គ្រោងទៅដល់ទីក្រុងដាណាង (ទី១៥ ខែកុម្ភៈ) ញ៉ាត្រាង (ទី១៧ ខែកុម្ភៈ) និងទីក្រុងហូជីមិញ (ទី១៨ ខែកុម្ភៈ) ។

លោក Vu Duy Vu អគ្គនាយករងនៃក្រុមហ៊ុន Saigontourist Travel ដែលជាប្រតិបត្តិករទេសចរណ៍ឈានមុខគេបានមានប្រសាសន៍ថា នេះគឺជាការបាត់បង់ដ៏ធំធេងចំពោះឧស្សាហកម្មទេសចរណ៍របស់ប្រទេសនេះ ព្រោះថាអ្នកកម្សាន្តតាមនាវាជាអ្នកដែលចាយលុយច្រើន។ មានក្រុមហ៊ុនទេសចរណ៍មួយចំនួនបានខាតបង់យ៉ាងធ្ងន់ធ្ងរ ដោយសារពួកគេបានរៀបចំផែនការទទួលភ្ញៀវរបស់នាវា ប៉ុន្តែត្រូវអាជ្ញាធរច្រានពួកគេចេញវិញ។

អ្វីដែលគួរឱ្យកត់សម្គាល់គឺថា អ្នកដំណើររបស់នាវាជាជនជាតិអាឡឺម៉ង់ ៩៥% ហើយមិនមានជនជាតិអាស៊ីនៅលើនាវាឡើយ។ នាវានេះបានចាកចេញពីកោះបាលីប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី១៧ ខែមករា និងបានទៅទស្សនាកំពង់ផែចំនួន ៩ ហើយសុទ្ធតែមិនមែននៅចិនដីគោក ដែលជាចំណុចកណ្តាលនៃការផ្ទុះឡើងនៃ COVID-19 ឬហុងកុង។ ដូច្នេះការសម្រេចចិត្តវៀតណាមនេះ មិនត្រឹមតែធ្វើឱ្យប៉ះពាល់ដល់ទេសចរណ៍ទេ ថែមទាំងបានធ្វើឱ្យប៉ះពាល់ដល់កេរ្ត៏ឈ្មោះរបស់ខ្លួនដែលកំពុងព្យាយាមលើកស្ទួយវិស័យទេសចរណ៍ស្រាប់៕

អត្ថបទ៖ លីដា

Share This Post: