អន្តរជាតិ

អ្នកវិភាគ៖ វីរុសកូរ៉ូណា Covid-19 បានបង្កឲ្យមានបញ្ហាជាច្រើនរាប់តាំងពីសំលៀកបំពាក់រហូតដល់បញ្ហាផ្លូវភេទ

BY
autoadmin
February 21, 2020

ចិន៖ តួលេខចុងក្រោយមួយបានបង្ហាញថា មេរោគ Covid-19 បានចម្លងទៅកាន់មនុស្សជាង៧ម៉ឺនករណី និងបានសម្លាប់មនុស្សរហូតដល់ជាង ២ពាន់នាក់នៅជុំវិញពិភពលោក។ Covid-19 មិនត្រឹមតែបានគំរាមគំហែងដល់អាយុជីវិតប្រជាពលរដ្ឋនោះទេ តែក្រុមអ្នកវិភាគសង្គមបានលើកឡើងថា មេរោគដ៏កាចសាហាវមួយនេះបានបង្កឲ្យមានបញ្ហាសង្គមជាច្រើនទៀតដូចជា៖

+ ភាពចលាចលក្នុងការទិញឥវ៉ាន់៖ នៅហុងកុងទំនិញដូចជាម៉ាស់ ទឹកលាងដៃ ក្រដាសអនាម័យមានតម្រូវការខ្ពស់បំផុត ហើយគេមិនអាចផ្គត់ផ្គង់សម្ភារៈទាំងនេះបានទាន់តម្រូវការរបស់អតិថិជនឡើយ។ ជាលទ្ធផលករណីលក់សម្ភារៈប្រភេទនេះក្នុងតម្លៃខ្ពស់ហួសហេតុក៏កើតមានឡើង ហើយករណីប្លន់សម្ភារៈទាំងនេះក៏បានកើតឡើងនៅហុងកុងផងដែរ។

+ បញ្ហាចំណីអាហារ៖ ​ជើងហោះហើរ ការនាំចូល និងចែកចាយទំនិញជាច្រើនរវាងប្រទេសចិនជាមួយនឹងប្រទេសមួយចំនួនត្រូវបានកាត់ផ្ដាត់មួយរយៈសិនព្រោះគេខ្លាំងមានករណីចម្លងមេរោគ ដែលកត្តានេះបានធ្វើទីផ្សារចិនមានការខ្វះខាតនូវអាហារមួយចំនួនជាពិសេសគឺសាច់តែម្តង។

+ បញ្ហាសំលៀកបំពាក់៖ ចិនជាប្រភពដ៏សំខាន់មួយក្នុងការចែកចាយវត្ថុធាតុដើមសម្រាប់ផលិតសំលៀកបំពាក់ជាពិសេសគឺក្រណាត់តែម្តង។ យ៉ាងណាក្តី ក្រោយផ្ទុះមេរោគ Covid-19 ក្រុមហ៊ុនផលិតក្រណាត់ជាច្រើនក៏ត្រូវផ្អាកដំណើរការ ទើបធ្វើឲ្យរោងចក្រផលិតសំលៀកបំពាក់នៅតាមប្រទេសជាច្រើនត្រូវបង្ខំចិត្តបិទទ្វារផងដែរ។

+ បញ្ហាផ្លូវ៖ ចិនជាអ្នកផ្គត់ផ្គង់សម្ភារៈផ្លូវភេទទៅកាន់ប្រទេសច្រើនរាប់ចាប់តាំងពីស្រោមអនាម័យរហូតឧបករណ៍រំញោចផ្លូវភេទ (Sex Toy)។ ប៉ុន្មានខែចុងក្រោយនេះគេបានកត់សម្គាល់ឃើញថា ការផ្គត់ផ្គង់ស្រោមអនាម័យពីចិនទៅកាន់ហុងកុង និងសឹង្ហបុរីបានធ្លាក់ចុះយ៉ាងខ្លាំង ចំណែកឯការផ្គត់ផ្គង់ឧបករណ៍រំញោចផ្លូវភេទពីចិនទៅរុស្សីវិញបានធ្លាក់ចុះស្ទើរតែទាំងស្រុងតែម្តង។

+ បញ្ហាកីឡា៖ បរិមាណផលិតសម្ភារៈកីឡានៅតាមបណ្តាក្រុមហ៊ុនជាច្រើនទាំងនៅក្នុងប្រទេចិន និងនៅតាមបណ្តាប្រទេសដែលមានទំនាក់ទំនងពាណិជ្ជកម្មជាមួយចិនបានធ្លាក់ចុះ ក្រោយរោងចក្រនិងក្រុមហ៊ុនជាច្រើនបានបិទទ្វារព្រោះខ្លាចការឆ្លងមេរោគ Covid-19។​ កម្មវិធីប្រកួតកីឡាមួយចំនួននៅក្នុងប្រទេសចិនក៏ត្រូវបានគេផ្អាក និងពន្យាពេលផងដែរ។

+ បញ្ហាអាជីវកម្មទ្រង់ទ្រាយធំ៖ ភាពភ័យខ្លាចនៃមេរោគ Covid-19 គួបផ្សំជាមួយនឹងការបិទមធ្យោបាយធ្វើដំណើរខ្លះផង បានធ្វើឲ្យប៉ះពាល់ដល់ការវិនិយោគធំៗរបស់ក្រុមហ៊ុនជាតិ​ និងអន្តរជាតិជាច្រើននៅក្នុងប្រទេសចិន ហើយការប៉ះពាល់នេះបានធ្វើឲ្យមានការខាតបង់ប្រាក់រាប់ពាន់លានដុល្លារឯណោះ។

+ គ្មានការជួបជុំ៖ ការជួបជុំនៅក្នុងប្រទេសចិនជាពិសេសនៅក្នុងតំបន់រាតត្បាតមេរោគ Covid-19 តែម្តងហាក់មានការគំរាមគំហែងជាខ្លាំង ដោយប្រជាពលរដ្ឋមិនសូវហ៊ានចេញក្រៅឡើយបើគ្មានការងារចាំបាច់ សូម្បីតែកម្មពិធីមង្គលមួយចំនួនក៏ត្រូវធ្វើឡើងដោយគ្មានភ្ញៀវចូលរួមផងដែរ៕

អត្ថបទ៖ ភក្តី

Share This Post: