អ្នកនាំរឿង “ដើម្បីកូន” បង្ហាញក្តីអាណិតអាសូរ និងចូលរួមពិធីបុណ្យសពលោកតា កង អឿន ដែលប្រកបរបរធាក់ស៊ីក្លូស្ទើរពេញមួយជីវិត ហើយត្រូវរថយន្តបុកស្លាប់យ៉ាងអាណោចអាធ័ម
ភ្នំពេញ៖ លោក ហ៊ុយ យ៉ាឡេង ដែលជាផលិតករ អ្នកដឹកនាំ និងអ្នកសម្ដែង ក្នុងខ្សែភាពយន្ត “ដើម្បីកូន” បានចូលរួមពិធីបុណ្យសព លោកតា កង អឿន ដែលប្រកបរបរធាក់ស៊ីក្លូ ហើយត្រូវរថយន្តបុកឆក់យកជីវិតយ៉ាងអាណោចអាធ័ម។ លោក ហ៊ុយ យ៉ាឡេង បានសរសេររៀបរាប់ថា៖

“លោកតាធាក់ស៊ីក្លូឈ្មោះ កង អឿន អាយុ៧៧ឆ្នាំ លោកតាប្រកបរបរធាក់ស៊ីក្លូតាំងពីឆ្នាំ១៩៨៣ គឺស្ទើរមួយជីវិតហើយ ៣៧ឆ្នាំហើយដែលលោកតាមានជីវិតនៅលើដងផ្លូវជាមួយស៊ីក្លូមួយនេះ នៅលើលោកនេះគ្មានអ្នកណាចង់ក្រទេ។គាត់ប្រឹងតស៊ូណាស់ពេញមួយជីវិតនេះ មិនដែលបានរស់នៅស្រួលទេ តែសុំតែបានរស់នៅលើលោកីយ៍តែកម្មអប្រិយនៅលើទ្រូងផ្លូវឆក់យកជីវិតគាត់ កូនប្រុសស្លាប់មិនទាន់បាន១០០ថ្ងៃផង ពេលនេះពុកក៏លាចាកលោកទៅទៀត នៅសល់តែម្តាយនិងកូនមួយកំព្រាតស៊ូវេទនានៅលើលោកីយ៍នេះ បើបងប្អូនណាចង់ជួយគាត់សូមទាក់ទងទៅកូនគាត់ផ្ទាល់ចុះ ប្អូនឈ្មោះ វ៉ាញ៉ាញ់ Fb name : Va Hanna 093697923″។
សូមរំលឹកថាគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងកាលពីវេលាម៉ោង០១:១០នាទីទាបភ្លឺ ឈានចូលថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២០នេះ នៅចំណុចជិតដើមពោធិ៍(ក្បែររូបសំណាក់ ព្រះបរមរតនកោដ្ឋ) លើផ្លូវសុរាម្រិត ភូមិ៣ សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។ ដោយរថយន្ត (មិនចាំម៉ាកមួយគ្រឿង) បានបើកបុកចំស៊ីក្លូពេញទំហឹង បណ្ដាលឲ្យជនរងគ្រោះជាអ្នកធាក់ស៊ីក្លូ ខ្ទាតប្លោងទៅខាងមុខរថយន្ត ភ្លាមនោះរថយន្តបង្ក មិនព្រមឈប់ឡើយ បានបន្ថែមល្បឿនបើកទៅមុខអូសទាំងបុរសចំណាស់នោះ អូសនឹងថ្នល់ រាប់សិបម៉ែត្រ ទើបខ្ទាតរមៀលចេញពីរថយន្តស្លាប់យ៉ាងអាណោចអាធ័ម ហើយរថយន្តបង្កក៏បើកបន្តដំណើររត់បាត់ស្រមោល បន្សល់ទុកសពបុរសរងគ្រោះស្លាប់កណ្ដាលផ្លូវ គួរឲ្យអាសូរ៕





