ខ្មែរណូត

ស្វែងរក

  • អន្តរជាតិ

    ចូលរួមរំលែកទុក្ខ! នាយកមន្ទីរពេទ្យនៅក្រុងវូហានម្នាក់បានទទួលមរណភាព ដោយសារបានឆ្លងវីរុស COVID-19

    BY autoadmin February 18, 2020
    ចូលរួមរំលែកទុក្ខ! នាយកមន្ទីរពេទ្យនៅក្រុងវូហានម្នាក់បានទទួលមរណភាព ដោយសារបានឆ្លងវីរុស COVID-19

    វីរុសកូរ៉ូណា ឬ COVID-19 ដែលត្រូវបានគេជឿថាផ្ទុះចេញពីទីក្រុងវូហាន កាលពីចុងឆ្នាំមុន កំពុងរាលដាលដល់មនុស្សជាង ៧២,០០០នាក់ និងបានសម្លាប់មនុស្សប្រហែល ១,៩០០នាក់ នៅក្នុងប្រទេសចិន។ ជាក់ស្ដែងបើយោងតាម DailyMail បានឱ្យដឹងថា លោក Liu Zhiming ដែលជានាយកមន្ទីរពេទ្យ Wuchang នៃទីក្រុងវូហាន ពេលនេះក៏បានទទួលមរណភាពដោយសារវីរុសនេះដែរ។ វាជាករណីដំបូងបំផុតដែលនាយកមន្ទីរពេទ្យទាំងមូល បានស្លាប់ដោយសារវីរុសនេះ ចំណែកអាយុរបស់គាត់មិនទាន់ត្រូវបានបញ្ជាក់នៅឡើយទេ។ រហូតមកទល់ពេលនេះយ៉ាងហោចណាស់មានបុគ្គលិកពេទ្យ ៦នាក់ បានស្លាប់ ខណៈដែលបុគ្គលិកពេទ្យ ១,៧១៦នាក់ ផ្សេងទៀតបានឆ្លងវីរុសនេះ។

    មរណភាពលោក Liu Zhiming ត្រូវបានសារព័ត៌មានចិន និងអ្នកសរសេរប្លុកជាច្រើនរាយការណ៍ភ្លាមៗ តាំងពីពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃអង្គារ ប៉ុន្តែរឿងរ៉ាវទាំងនោះត្រូវបានលុបចោល ហើយជំនួសដោយរបាយការណ៍ផ្សេងដែលនិយាយថាក្រុមគ្រូពេទ្យកំពុងព្យាយាមសង្គ្រោះគាត់។ មរណភាពរបស់នាយកមន្ទីរពេទ្យរូបនេះ បានធ្វើឱ្យមានការនិយាយឡើងវិញពីអ្នកជំនាញផ្នែករោគភ្នែកលោក Li Wenliang ដែលបានព្រមានអំពីវីរុស ប៉ុន្តែត្រូវបានអាជ្ញាធរព្រមាន ហើយថាគាត់បានបំពុលព័ត៌មាន។ កាលនោះមរណភាពរបស់ Li Wenliang បានជំរុញឱ្យមានការសោកសៅទូទាំងប្រទេស ក៏ដូចជាកំហឹងប្រឆាំងនឹងអាជ្ញាធរ ដោយសារពួកគេបានបំភាន់វិបត្តិដែលកំពុងកើតឡើង។ ថ្វីបើរបាយការណ៍និយាយថា ស្ថានភាពវីរុសបានធូរស្រាល ប៉ុន្តែនៅវូហានបុគ្គលិកពេទ្យកំពុងមានការខ្វះខាតម៉ាស់ និងឯសណ្ឋានការពារជាច្រើន៕

    អត្ថបទ៖​ លីដា

    Share This Post: