អន្តរជាតិ

អាជ្ញាធរចិនចាប់បុរសម្នាក់ចងភ្ជាប់នឹងសសរ ព្រោះតែគាត់មិនព្រមពាក់ម៉ាស់ការពារវីរុសកូរ៉ូណា COVID-19

BY
autoadmin
February 20, 2020

ចិន៖ មន្ត្រីអាជ្ញាធរប្រចាំខេត្ត Henan ប្រទេសចិន បានចាប់ពលរដ្ឋក្នុងតំបន់ខ្លួនម្នាក់ចងភ្ជាប់ទៅនឹងសសរនៃអគារមួយ ក្រោយពលរដ្ឋរូបនោះរឹងទទឹងមិនព្រមពាក់ម៉ាស់ការពារខ្លួនពីវីរុសកូរ៉ូណា COVID-19។ អត្តសញ្ញាណរបស់មន្ត្រីអាជ្ញាធរ និងបុរសដែលត្រូវបានគេចាប់ចងនោះមិនត្រូវបានគេបង្ហាញឡើយ ហើយអ្វីដែលគេបានឃើញនៅក្នុងវីដេអូនោះគឺត្រឹមថា មន្ត្រីអាជ្ញាធរបានស្លៀកសំលៀកបំពាក់ពិសេសសម្រាប់ការពារខ្លួនពីមេរោគ ខណៈបុរសដែលត្រូវគេចាប់ចងនោះស្លៀកសំលៀកបំពាក់ពណ៌ខ្មៅ និងគ្មានពាក់ម៉ាស់ទាល់តែសោះ។

បន្ទាប់ពីបានចាប់ពលរដ្ឋចងភ្ជាប់នឹងសសររួចហើយ មន្ត្រីអាជ្ញាធរបានស្រែកថា៖ “ហេតុអ្វីបានជាឯងមិនព្រមពាក់ម៉ាស់?” “តើឯងចង់រស់ឬស្លាប់?” “បើឯងមិនចង់រស់ទេ ក៏អ្នកផ្សេងទៀតចង់រស់ដែរ?” “ដូចនេះឯងត្រូវតែពាក់ម៉ាស់ដើម្បីការពារការចម្លងមេរោគ”។ យ៉ាងណាក្តី ក្រោយកើតមានហេតុការណ៍ដូចខាងលើនេះមន្ត្រីអាជ្ញាធរខេត្ត Henan បានចេញមុខមកទទួលស្គាល់ថា ទង្វើរបស់គាត់គឺពិតជាជ្រុលហួសហេតុបន្តិចហើយ តែការធ្វើដូចព្រោះតែគាត់ចង់រក្សាសុវត្ថិភាពប្រជាពលរដ្ឋទាំងអស់គ្នាពីការរាតត្បាតវីរុសកូរ៉ូណា COVID-19 តែប៉ុណ្ណោះ៕

អត្ថបទ៖ភក្តី

Share This Post: