អន្តរជាតិ

អ្នកវិទ្យាសាស្ត្រនិយាយថា ពិសរបស់ពស់អាចព្យាបាលមហារីកបាន ប៉ុន្តែពួកគេត្រូវការសិក្សាបន្ថែមទៀត

BY
autoadmin
February 20, 2020

អ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យខូឡូរ៉ាដូខាងជើង (University of Northern Colorado) ជឿថា ពិសដែលយកចេញពីពស់អសិរពិស អាចព្យាបាលមហារីកបាន។ លោកបណ្ឌិត Stephen Mackessy សាស្រ្តាចារ្យនៅ UNC មានប្រសាសន៍ថា ការសិក្សារបស់គាត់បានបង្ហាញថា ពិសនៅក្នុងពស់អសិរពិស អាចសម្លាប់កោសិកាមហារីកមនុស្សតាមរបៀបពិសេសរបស់វា។ នៅក្នុងការសិក្សានោះក្រុមរបស់គាត់បានប្រមូលសត្វពស់ពិសពីជុំវិញពិភពលោក ហើយបានរក្សាពួកវាទុកនៅក្នុងទីតាំងដែលមានសុវត្ថិភាពនៅបរិវេណសាកលវិទ្យាល័យ។ ពួកគេបានប្រមូលតាំងពីពស់វែករហូតដល់ពស់កន្ទុយកណ្ដឹង ហើយបានទាញយកពិសពីពស់ទាំងនោះ ដើម្បីសិក្សាពីសមាសធាតុ និងប្រូតេអ៊ីនរបស់ពួកវា។

លោកបណ្ឌិត Stephen Mackessy និយាយថា ឱ្យតែពេលនិយាយពីពស់អសិរពិស មនុស្សតែងតែគិតពីភាពគ្រោះថ្នាក់របស់វា ប៉ុន្តែមិនមាននរណាបានគិតដល់ពីផលប្រយោជន៍របស់វានោះទេ។ លោកនិយាយថាមនុស្សមានទំនោរស្អប់សត្វពស់ ប៉ុន្តែការពិតពិសពស់ត្រូវបានគេយកមកព្យាបាលជំងឺលើសឈាម តាំងតែពីឆ្នាំ១៩៥០មកម៉្លេះ។ សម្រាប់ពេលនេះវិញមន្ទីរពិសោធន៍របស់លោក គឺជាផ្នែកមួយនៃការស្រាវជ្រាវដំបូង ដែលនឹងប្រើពិសរបស់វាដើម្បីប្រឆាំងនឹងជំងឺមហារីកផ្សេងៗ។ នៅក្នុងការសិក្សានោះពួកគេបានរកឃើញថា ពិសពស់ដែលយកមកពីរដ្ឋ Arizona មានភាពពិសេសអាចឆ្លើយតបជាមួយមហារីក។

ពិសពស់ដែលយកមកពីរដ្ឋ Arizona ត្រឹមតែបន្តិចអាចសម្លាប់ដុំសាច់មហារីកសុដន់ និងពោះវៀនធំបាន។ ចំណែកពិសពស់មកពីតំបន់ផ្សេង វាក៏អាចបំផ្លាញមហារីកស្បែកបានផងដែរ។ យ៉ាងណាក៏ដោយអ្នកវិទ្យាសាស្ត្រនិយាយថា វាមិនពិបាកនោះទេដែលអាចយកពិសពស់មកសម្លាប់មហារីក ប៉ុន្តែអ្វីដែលពិបាកគឺថា តើពស់ពិសនឹងសម្លាប់អ្នកជំងឺដែលឬទេ។ ដូច្នេះពួកគេនឹងសិក្សាបន្ថែមលើចំណុចនេះ ដើម្បីអាចឱ្យការបង្កើតថ្នាំមានភាពរលូនអាចព្យាបាលមហារីក ហើយមិនប៉ះពាល់ជីវិតមនុស្ស។ អ្នកស្រាវជ្រាវក៏បានបន្ថែមដែរថា ពួកគេនឹងអាចសិក្សាបានជោគជ័យឆាប់ៗ ដើម្បីអាចឈានដល់ការធ្វើតេស្ដគ្លីនិកលើមនុស្ស៕

អត្ថបទ៖ លីដា

Share This Post: