សង្គម

លោកឧកញ៉ា ឌួង ឆាយ សម្រេចចិត្តមិនលើកលែងឲ្យភាគីបង្កដែលបើកបុករថយន្តរបស់លោកទេ ក្រោមហេតុផលទាំងនេះ

BY
Khmernote Media
February 20, 2020

បន្ទាប់ពីលោកឧកញ៉ា ឌួង ឆាយ បានស្ទង់មតិមហាជនថា តើលោកគួរតែលើកលែងទោស ឬក៏អនុវត្តតាមច្បាប់ ចំពោះភាគីបង្កដែលបើកបុករថយន្តរបស់លោក? នៅយប់ថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ លោកឧកញ៉ា ឌួង ឆាយ បានធ្វើការ live វីដេអូរៀបរាប់ពីហេតុការណ៍នៅយប់ថ្ងៃរងគ្រោះថ្នាក់ចរាចរណ៍ ហើយការសម្រេចចិត្តចុងក្រោយរបស់លោកឧកញ៉ា ឌួង ឆាយ នឹងមិនលើកលែងទោសអោយបុរសជាភាគីបង្កគ្រោះថ្នាក់ចរាចរណ៍ឡើយ។

ដោយលោកឧកញ៉ា ឌួង ឆាយ បានលើកឡើងនូវចំណុចចំនួន៣ដូចជា ទី១ ជនបង្កបានបើកបរក្នុងស្ថានភាពស្រវឹង ទី២ ជនបង្កបានបំពានមិនគោរពច្បាប់ចរាចរណ៍ ឃើញភ្លើងក្រហមនៅតែបំពានជិះឆ្លង និងទី៣ ជនបង្ក បានកុហកថាខ្លួនជាកូនកសិករ ដោយលោកឧកញ៉ា ឌួង ឆាយ បានឲ្យដឹងថាជនបង្កគឺជាប្រធានទីផ្សារប្រឹក្សាទិញ និង លក់អចលនទ្រព្យ។

លោកឧកញ៉ា ឌួង ឆាយ បានឲ្យដឹងទៀតថានឹងមិនយកលុយរបស់ជនបង្កមកជួសជុលរថយន្តរបស់លោកទេ លោកនឹងយកលុយនេះទៅធ្វើប្រយោជន៍ដល់សង្គម ជាពិសេសការផ្សព្វផ្សាយអំពីច្បាប់ចរាចរណ៍។ សូមរំលឹកថាលោកឧកញ៉ា ឌួង ឆាយបង្ហាញពី តម្លៃទិញសំភារៈរថយន្ត Rolls Royce របស់លោក ដែលត្រូវផ្លាស់ប្តូរថ្មី ដែលមានតម្លៃរហូតដល់ទៅប្រមាណ ១៤១ ៥០៤ដុល្លារ ដោយតម្លៃទាំងនេះមិនទាន់គិតថ្លៃជួសជុល និងតម្លើងបាញ់ថ្នាំឡើយ៕

Share This Post: