អន្តរជាតិ

អ្នកឆ្លងវីរុស COVID-19 នៅលើនាវាយក្ស Diamond Princess ចំនួន ២នាក់ បានស្លាប់មុននេះបន្តិច

BY
autoadmin
February 20, 2020

មន្ត្រីរដ្ឋាភិបាលជប៉ុននិយាយថា អ្នកដំណើរ ២នាក់ របស់នាវាយក្ស Diamond Princess បានស្លាប់ក្រោយឆ្លងវីរុស COVID-19 ។ ទាំង ២នាក់នេះគឺជាករណីការស្លាប់ដំបូង ដែលត្រូវបានបញ្ជាក់ក្នុងចំណោមអ្នកដំណើរនៅលើនាវាកម្សាន្ត។ អ្នកដំណើរទាំង ២នាក់ គឺជាបុរស និងស្ត្រីម្នាក់ ដែលមានអាយុខ្ទង់ ៨០ឆ្នាំ។ ការស្លាប់បន្ថែម២នាក់នេះ នាំឱ្យចំនួនអ្នកស្លាប់សម្រាប់ប្រទេសជប៉ុនបានកើនឡើងដល់​ ៣នាក់។ ជនរងគ្រោះដំបូងនៃវីរុសនៅក្នុងប្រទេស បានស្លាប់កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍មុន។

រំលឹកដែរថានាវា Diamond Princess ត្រូវបានគេធ្វើចត្តាឡីស័កចំនួន ២សប្ដាហ៍ ហើយការត្រួតពិនិត្យត្រូវបានធ្វើឡើងភ្លាម បន្ទាប់ពីអ្នកដំណើរម្នាក់មកពីហុងកុង ត្រូវបានគេធ្វើតេស្ដឃើញថាមានវីរុស ពេលចុះពីនាវាចូលទៅទីក្រុងហុងកុងវិញ។ នាវា Diamond Princess មានអ្នកដំណើរទាំងអស់ប្រហែល ៣,៧០០នាក់ ហើយអ្នកដែលបានឆ្លងវីរុសមានជាង ៦០០នាក់ ខណៈអ្នកនៅលើនាវាដែលតេស្តអវិជ្ជមានត្រូវបានគេអនុញ្ញាឱ្យទៅផ្ទះកាលពីថ្ងៃពុធម្សិលមិញនេះ៕

អត្ថបទ៖ លីដា

Share This Post: