អន្តរជាតិ

សាលារៀនមួយនៅក្នុងប្រទេសថៃនឹងឈប់ដាក់ «កិច្ចការផ្ទះ» ឱ្យសិស្សតទៅទៀត ដើម្បីកុំឱ្យក្មេងៗមានការស្ត្រេសមិនចង់ទៅរៀន

BY
autoadmin
February 20, 2020

សាលារៀន Wat Bowonniwet ដែលជាសាលាចំណាស់ជាងគេ និងគួរឱ្យគោរពបំផុតរបស់ប្រទេសថៃ នៅទីក្រុងបាងកក បានបង្កើតឱ្យមានការចាប់អារម្មណ៍មួយ ដោយពួកគេបានលុបចេញការដាក់ «កិច្ចការផ្ទះ» មិនឱ្យសិស្សចំណាយពេលធ្វើកិច្ចការផ្ទះទៀតទេ។ ការអនុវត្តនេះនឹងចាប់ផ្ដើមនៅពេលឆ្នាំសិក្សាថ្មីចូលមកដល់ ពោលគឺក្នុងខែឧសភាខាងមុខនេះ។ សាលាមានគម្រោងលើកកម្ពស់សកម្មភាពបន្ថែមនៅខាងក្រៅថ្នាក់រៀន ជាជាងផ្តល់ឱ្យសិស្សនូវកិច្ចការបន្ថែមដែលត្រូវធ្វើនៅផ្ទះ។ សាលាបានយល់ថា កិច្ចការផ្ទះបានធ្វើឱ្យសិស្សស្ត្រេស រំខានការរស់នៅរបស់ពួកគេ និងធ្វើឱ្យសិស្សមិនចង់ទៅសាលារៀន ហើយពេលខ្លះពួកគេក៏មិនយល់ពីកិច្ចការផ្ទះទាំងនោះផងដែរ។

កូនសិស្សភាគច្រើនធ្វើកិច្ចការសាលា ៣ម៉ោង ក្នុងមួយយប់ ហើយនោះមានន័យថា ពួកគេមិនអាចធ្វើអ្វីផ្សេងទៀតដែលពួកគេចាប់អារម្មណ៍នោះទេ។ នាយករបស់សាលា Wat Bowonniwet បាននិយាយថា គាត់បានសិក្សាគំរូអប់រំនៅហ្វាំងឡង់ ដែលនិស្សិតសូម្បីតែសិស្សថ្នាក់ទី៦ មិនមានកិច្ចការផ្ទះធ្វើនោះទេ ហើយប្រទេសនោះក្មេងៗមានការសប្បាយចិត្តជាងប្រទេសដទៃ។ ស្តង់ដារអប់រំនៅហ្វាំងឡង់ក៏ស្ថិតក្នុងចំណោមកម្រិតខ្ពស់បំផុតនៅលើពិភពលោកទាំងមូល។ យ៉ាងណាក៏ដោយការសម្រេចបែបនេះបានធ្វើឱ្យមានការមិនជឿទុកចិត្ត ប៉ុន្តែក៏មានម្ដាយឪពុកជាច្រើនអបអរចំពោះចំណាត់ការថ្មីនេះ។ គួរឱ្យដឹងដែរថា សាលា Wat Bowonniwet មានសិស្ស ២៣៤នាក់ និងគ្រូ ៣១នាក់។ សាលានេះមានអាយុកាល ១២៧ឆ្នាំ ពោលគឺឆ្លងកាត់ការសោយរាជ្យរបស់ស្តេចចក្រី ៦អង្គ ចាប់តាំងពីសម័យកាលស្ដេចរាមាទី៤ មកម៉្លេះ៕

អត្ថបទ៖ លីដា

Share This Post: