អន្តរជាតិ

ខឹងចិត្តរកទិញម៉ាស់ពាក់មិនបាន ស្ត្រីម្នាក់យកឈុតតុក្កតាសត្វកវែងមកពាក់ជំនួសវិញ ដោយសារខ្លាចឆ្លងកូរ៉ូណា (មានវីដេអូ)

BY
autoadmin
February 22, 2020

ចិន៖ ម៉ាស់បានក្លាយជាទំនិញដែលមានតម្រូវការខ្ពស់បំផុតនៅក្នុងប្រទេសចិនក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ពោលគឺចាប់តាំងពីមានករណីរាតត្បាតនៃវីរុសកូរ៉ូណា Covid-19 មក។ ម៉ាស់ត្រូវបានគេកត់សម្គាល់ឃើញថា បានលក់ដាច់ស្តុកស្ទើរតែគ្រប់ទីកន្លែងរហូតរដ្ឋាភិបាលចិនសម្រេចបង្កើតរោងចក្រផលិតម៉ាស់ជាច្រើនកន្លែងបន្ថែមទៀត ហើយបើនៅក្នុងក្រុងហុងកុងវិញមានដល់ករណីចោរប្លន់ម៉ាស់ទៀតផង។ ព្រោះតែបញ្ហាគ្មានម៉ាស់សម្រាប់ប្រើប្រាស់នេះ ស្រ្តីម្នាក់សុខចិត្តពាក់ឈុតតុក្កតារូបសត្វកវែងតែម្តង ដើម្បីការពារខ្លួនពីការចម្លងវីរុសកូរ៉ូណា Covid-19។

​ហេតុការណ៍នេះត្រូវបានគេប្រទះឃើញនៅក្នុងមន្ទីរពេទ្យក្នុងក្រុង Luzhou ខេត្ត Sichuan ភាគខាងត្បូងប្រទេសចិន។ ស្រ្តីដែលបានប្រើឈុតតុក្កតាជារូបសត្វកវែងរូបនេះបានឲ្យដឹងថា គាត់ត្រូវទៅសួរសុខទុកបងប្អូននៅមន្ទីរពេទ្យ ហើយគាត់មិនអាចរកទិញម៉ាស់បានទាល់តែសោះ ទើបសម្រេចស្លៀកពាក់ដូចនេះតែម្តង។ សូមបញ្ជាក់ថា អាជ្ញាធរចិនបានកំណត់ឲ្យពលរដ្ឋទាំងអស់ត្រូវតែពាក់ម៉ាស់រាល់ពេលចេញក្រៅពីផ្ទះ ហើយបើស្ថិតនៅតំបន់ប្រឈមនឹងមេរោគខ្លាំងវិញម៉ាស់ត្រូវតែប្តូររៀងរាល់ ៦ម៉ោងម្តង៕

អត្ថបទ៖ភក្តី

Share This Post: