អន្តរជាតិ

មិនមែន១ ប៉ុន្តែ២! វៀតណាមទទួលយកនាវាខ្នាតយក្សចំនួន២ ចូលចតនៅកំពង់ផែរបស់ខ្លួន

BY
autoadmin
February 21, 2020

នាវាទេសចរណ៍ចំនួន ២គ្រឿង ដែលមានភ្ញៀវទេសចរបរទេសសរុបជាង ១,៣០០នាក់ បានចូលចតនៅកំពង់ផែ Chan May កាលពីថ្ងៃពុធ លើដំណើរទេសចរណ៍ទៅកាន់ភាគកណ្តាល និងភាគខាងត្បូងនៃប្រទេសវៀតណាម។ នាវាទាំង ២ មានមួយឈ្មោះ Crystal Symphony ជារបស់សហរដ្ឋអាមេរិក ដែលគ្រប់គ្រង និងដំណើរការដោយក្រុមហ៊ុន Crystal Cruises និងនាវា Silver Spirit ដំណើរការដោយក្រុមហ៊ុន Silversea Cruises មានមូលដ្ឋាននៅម៉ូណាកូ បានចតនៅកំពង់ផែ Chan May ស្ថិតនៅភាគកណ្តាលខេត្ត Thua Thien-Hue ។

លោក Phan Xuan Anh ប្រធានក្រុមហ៊ុនទេសចរណ៍វៀតណាម ដែលបានទទួលនាវាទាំងពីរបាននិយាយថា អ្នកដំណើរ និងសមាជិកនាវិកនៃនាវា Crystal Symphony នឹងធ្វើដំណើរតាមសមុទ្រដើម្បីទៅទស្សនាកោះហ៊ូ។ លោក Anh និយាយថា ពួកគេនឹងមានពិធីជប់លៀងពិសេសមួយនៅឯវិមានអធិរាជនៅទីនោះ។ មានក្រុមហ៊ុនទេសចរណ៍ និងក្រុមហ៊ុនជិះទូកកម្សាន្តជាច្រើន ធ្លាប់បានរៀបចំកម្មវិធីនេះកាលពីមួយឆ្នាំមុន ប៉ុន្តែឥឡូវនេះត្រូវតែលុបចោលវិញ ដោយសារការភ័យខ្លាចវីរុសកូរ៉ូណា។

នាវា Crystal Symphony ត្រូវបានគេបោះឆ្នោតជ្រើសរើសថា ជានាវាក្នុងចំណោមនាវាកម្សាន្តដ៏ប្រណីតបំផុតទាំង ១០ របស់ពិភពលោក ដោយសមាគម Cruise Line International ។ ភាគច្រើនវាដឹកអ្នកដំណើរទៅកាន់គោលដៅនានានៅអឺរ៉ុប និងអាស៊ី រួមទាំងទីក្រុងហូជីមិញ និង ខេត្ត Thua Thien-Hue របស់វៀតណាម, សិង្ហបុរី និងឌូបៃនៅអារ៉ាប់រួម។

ចំណែក Silver Spirit ចូលចតនៅកំពង់ផែ Tien Sa ក្នុងក្រុងដាណាង (Da Nang) កាលពីថ្ងៃអង្គារ ហើយអ្នកដំណើរ និងសមាជិកនាវិករបស់ពួកគេបានទៅទស្សនាទីក្រុងបុរាណហួយអាន និងសារមន្ទីរចម្លាក់ចាម។ ពួកគេនឹងស្វែងរកការកម្សាន្តនៅក្នុង Hue Town និងបញ្ចប់ដំណើរកម្សាន្តលើទឹកដីវៀតណាមនៅទីនោះ។ យ៉ាងណាក៏ដោយលោក Anh បាននិយាយថា មនុស្សទាំងអស់ ១,៣០០នាក់ ដែលជិះនៅលើនាវាទេសចរណ៍ទាំងពីរ សុទ្ធតែបានឆ្លងកាត់ការត្រួតពិនិត្យផ្នែកវេជ្ជសាស្ត្រ ដើម្បីរកមើលការឆ្លង ឬរោគសញ្ញារបស់ COVID-19 ៕

អត្ថបទ៖ លីដា

Share This Post: