អន្តរជាតិ

កូរ៉េខាងត្បូងដាក់ក្រុងចំនួន២ឲ្យក្លាយជា “តំបន់ថែទាំពិសេស” ក្រោយចំនួនអ្នកឆ្លងមេរោគ Covid-19 បានកើនដល់ ១៥៦នាក់

BY
autoadmin
February 21, 2020

កូរ៉េខាងត្បូង៖ កូរ៉េខាងត្បូងបានសម្រេចដាក់ក្រុងចំនួន២ឲ្យក្លាយជា “តំបន់ថែទាំពិសេស” ក្រោយចំនួនអ្នកឆ្លងមេរោគ Covid-19 នៅក្នុងប្រទេសកូរ៉េខាងត្បូងហាក់កើនឡើងគួរឲ្យកត់សម្គាល់។ ក្រុងទាំងពីរនោះរួមមានក្រុង Cheongdo និងមួយទៀតគឺក្រុង​ Daegu  ដែលជាទីក្រុងធំបំផុតលំដាប់ទី ៤ និងមានប្រជាជនសរុបប្រមាណជា ២,៥ លាននាក់។ ព័ត៌មានចុងក្រោយបំផុតស្តីពីមេរោគ Covid-19 នៅក្នុងប្រទេសកូរ៉េខាងត្បូងត្រូវបានគេរាយការណ៍ថា មានចំនួនអ្នកឆ្លងថ្មី ៥២នាក់បន្ថែមទៀត ក្នុងនោះមានស្រ្តីចំណាស់អាយុ ៦១ឆ្នាំម្នាក់ ត្រូវបានគេរកឃើញថាមានផ្ទុកមេរោគក្រោយពេលគាត់ត្រលប់មកពីព្រះវិហារមួយកន្លែងក្នុងក្រុង Daegu។

ក្រោយរកឃើញករណីនេះ មនុស្សចំនួន ៤០០ នាក់ផ្សេងទៀតដែលបានទៅព្រះវិហារខាងលើដែរនោះ ត្រូវបានគេពិនិត្យ និងកំពុងតាមដានសុខភាពដែរ ព្រោះគេសង្ស័យថា ក្នុងចំណោមមនុស្សទាំង ៤០០ នាក់នោះអាចមានអ្នកផ្សេងទៀតបានឆ្លងនូវមេរោគ Covid-19 ដូចស្រ្តីចំណាស់ អាយុ ៦១ ឆ្នាំដែរ។ សូមបញ្ជាក់ថា គិតមកទល់នឹងពេលនេះ កូរ៉េខាងត្បូងមានចំនួនអ្នកឆ្លងមេរោគ Covid-19 ​សរុបចំនួន ១៥៦ នាក់ ហើយភាគច្រើននៃជនរងគ្រោះទាំងនោះគឺជាពលរដ្ឋដែលកំពុងរស់នៅក្នុងទីក្រុង Daegu ៕

អត្ថបទ៖ ភក្តី
ប្រភព៖ straitstimes

Share This Post: