ជនជាតិអូស្រ្តាលី ២នាក់ ដែលទើបតែបញ្ជូនចេញពីនាវា Diamond Princess បានតេស្ដវិជ្ជមានជាមួយវីរុស COVID-19 ពេលទៅដល់អូស្ដ្រាលីវិញ
- BY
- autoadmin
- February 21, 2020
ក្រុមមន្រ្តីនៅក្នុងប្រទេសអូស្រ្តាលីបានឱ្យដឹងថា ជនជាតិរបស់ខ្លួន ២នាក់ ដែលត្រូវបានជម្លៀសចេញពីនាវាកម្សាន្ត Diamond Princess ដែលចតនៅប្រទេសជប៉ុនបានធ្វើតេស្តវិជ្ជមានជាមួយវីរុស។ រំលឹកដែរថាកាលពីថ្ងៃព្រហស្បតិ៍ មានជនជាតិអូស្រ្តាលីចំនួន ១៦៤នាក់ បានត្រឡប់មកប្រទេសខ្លួនវិញ ហើយត្រូវបានគេដាក់តាមដានដោយឡែកបន្តនៅឯតំបន់ Darwin នៅភាគខាងជើងប្រទេស។
ក្រុមមន្រ្តីនិយាយថា អ្នកជម្លៀសពីជប៉ុនចំនួន ២នាក់ បានធ្វើតេស្តវិជ្ជមានជាមួយ COVID-19 នៅពេលដែលពួកគេបានមកដល់ទឹកដីអូស្ដ្រាលីវិញ។ អ្នកទាំង ២ បានធ្វើតេស្ត «អវិជ្ជមាន» មុនពេលឡើងយន្តហោះត្រឡប់មកប្រទេសកំណើតវិញ ប៉ុន្តែក្រោយមកមានការរាយការណ៍ថា ពួកគេមានចេញរោគសញ្ញាតិចតួចនៅពេលពួកគេមកដល់អូស្ត្រាលី។ ៤នាក់ផ្សេងទៀតក៏បានបង្ហាញរោគសញ្ញាដែរ ហើយត្រូវបានគេធ្វើតេស្តដូចគ្នា ប៉ុន្តែតេស្ដមិនឃើញមានឆ្លងវីរុសនោះទេ៕
អត្ថបទ៖ លីដា
ប្រភព៖ CNA
- Share This Post: