អន្តរជាតិ

រំភើបណាស់! លោកយាយ២នាក់បងប្អូនមានសំណាងបានជួបគ្នាវិញ ក្រោយបែកបាក់គ្នាអស់ជិត៥០ឆ្នាំ នៅក្នុងរបបខ្មែរក្រហម

BY
autoadmin
February 22, 2020

លោកយាយ២នាក់ជាបងប្អូនបង្កើតនឹងគ្នា ដែលម្នាក់មានអាយុ ៩៨ឆ្នាំ និងម្នាក់ទៀតមានអាយុ ១០១ឆ្នាំ បានជួបជុំគ្នាជាលើកដំបូងក្នុងរយៈពេល ៤៧ឆ្នាំ បន្ទាប់ពីពួកគាត់ម្នាក់ៗធ្លាប់បានគិតថា បង ឬប្អូនរបស់ខ្លួនបានស្លាប់ក្នុងរបបប្រល័យពូជសាសន៍ខ្មែរក្រហមកាលពីអំឡុង ឆ្នាំ១៩៧០ បាត់ទៅហើយ។ លោកយាយទាំងពីរនាក់បានជួបគ្នាចុងក្រោយនៅឆ្នាំ១៩៧៣ ពោលគឺ ២ឆ្នាំ មុនពេលពួកកុម្មុយនិស្តដឹកនាំដោយ ប៉ុលពត បានកាន់កាប់ប្រទេសកម្ពុជា។ មនុស្សប្រហែល ២លាននាក់ ត្រូវបានស្លាប់នៅក្រោមការគ្រប់គ្រងរបស់ខ្មែរក្រហម។ ក្រុមគ្រួសារជាច្រើនត្រូវបានបែកបាក់គ្នាក្នុងអំឡុងពេលនោះ ដោយសារជំនាន់នោះកុមារត្រូវបានគេពង្រាត់ចេញពីឪពុកម្តាយ នៅពេលដែលរបបនេះព្យាយាមគ្រប់គ្រងប្រទេសកម្ពុជា។

លោកយាយ ប៊ុនសែន ដែលសព្វថ្ងៃមានអាយុ ៩៨ឆ្នាំ បានបាត់បង់ស្វាមីក្នុងរបបនោះ ហើយមកដល់ឆ្នាំ១៩៧៩ នៅពេលដែលរបបខ្មែរក្រហមដួលរលំ គាត់ក៏បានមករស់នៅក្បែរកន្លែងចាក់សំរាមស្ទឹងមានជ័យក្នុងរាជធានីភ្នំពេញ។ អំឡុងពេលជួបជាមួយបងស្រី លោកយាយក៏បានជួបជុំជាមួយប្អូនប្រុសអាយុ ៩២ឆ្នាំ របស់គាត់ផងដែរ ដែលគាត់ធ្លាប់គិតថាបានស្លាប់ក្នុងរបបខ្មែរក្រហមដូចគ្នា។ អស់រយៈពេលជាយូរមកហើយ ដែលគាត់បានចំណាយពេលដើររើសសំរាម ដើម្បីរកប្រាក់បន្តិចបន្ដួចមកចិញ្ចឹមជីវិត។ គាត់តែងតែចង់ទៅលេងស្រុកកំណើតនៅឯខេត្តកំពង់ចាម ប៉ុន្តែដោយសារតែសុខភាព និងអាយុជរារបស់គាត់ ធ្វើឱ្យគាត់មិនអាចទៅលេងស្រុកកំណើតបាននោះទេ។

អង្គការមូលនិធិកុមារកម្ពុជាក្នុងស្រុក ដែលបានគាំទ្រដល់លោកយាយ ប៊ុនសែន តាំងពីឆ្នាំ២០០៤ ក្រោយមកបានចាប់ផ្តើមរៀបចំចាត់ចែងដំណើរទស្សនកិច្ចមួយ។ នៅពេលនោះអង្គការបានរកឃើញថា បងស្រី និងប្អូនប្រុសរបស់លោកយាយ ប៊ុនសែន គឺនៅរស់ និងកំពុងរស់នៅក្នុងភូមិកំណើតគាត់នៅឡើយ។ បន្ទាប់ពីបែកគ្នាជិតកន្លះសតវត្សរ៍ លោកយាយ ប៊ុនសេន បានជួបជុំគ្នាជាមួយបងស្រីធំឈ្មោះ ប៊ុនជា និងប្អូនប្រុសម្នាក់ទៀតកាលពីសប្តាហ៍មុន។

លោកយាយ ប៊ុនសែន បាននិយាយថា៖ «ខ្ញុំបានចាកចេញពីភូមិរបស់ខ្ញុំតាំងពីយូរយារណាស់មកហើយ ហើយមិនដែលបានវិលត្រឡប់វិញទេ។ ខ្ញុំតែងតែគិតថា បងស្រីនិងប្អូនប្រុសរបស់ខ្ញុំបានស្លាប់ទៅហើយ»។

លោកយាយបន្ដថា៖ «ការបានជួបជុំបងស្រីរបស់ខ្ញុំវិញ គឺវាមានន័យខ្លាំងណាស់។ ហើយនៅពេលដែលប្អូនប្រុសខ្ញុំប៉ះដៃខ្ញុំដំបូង ខ្ញុំចាប់ផ្តើមយំភ្លាម»។

លោកយាយ ប៊ុនជា សព្វថ្ងៃជាស្ត្រីមេម៉ាយម្នាក់ ដែលមានកូន ១២នាក់ ហើយគាត់ធ្លាប់គិតបងស្រីរបស់គាត់ស្លាប់បាត់ទៅហើយ។ លោកយាយបាននិយាយថា៖ “ខ្ញុំមានសាច់ញាតិ ១៣នាក់ ត្រូវបានសម្លាប់ដោយប៉ុលពត ហើយខ្ញុំក៏គិតថាគាត់បានស្លាប់ដូចគ្នា»។ ឥឡូវនេះបងប្អូនទាំងពីរកំពុងចំណាយពេលជាមួយគ្នា សម្រាប់ពេលវេលាដែលបាត់បង់ទាំងនោះ។ នៅសប្តាហ៍នេះពួកគេបានធ្វើដំណើរកម្សាន្តនៅទីក្រុងជាមួយគ្នា និងបាននិយាយគ្នាពីរឿងរបស់ពួកគាត់៕

អត្ថបទ៖ លីដា
ប្រភព៖ BBC

Share This Post: