អ៊ីតាលីសម្រេចបិទក្រុងចំនួន ១០ ព្រោះខ្លាចឆ្លងវីរុសកូរ៉ូណាថ្មី Covid-19
អ៊ីតាលី៖ អាជ្ញាធរភាគខាងត្បូងនៃប្រទេសអ៊ីតាលីបានសម្រេចបិទសាលារៀន បារ កន្លែសាធារណៈជាច្រើននៅក្នុងក្រុងចំនួន ១០ ព្រោះតែភាពភ័យខ្លាចនៃមេរោគ Covid-19 ។ ការសម្រេចដាក់ក្រុងចំនួន ១០ ឲ្យស្ថិតក្នុងភាពអាសន្ននេះត្រូវបានធ្វើឡើងបន្ទាន់ពីគេបានរកឃើញថា មានវេជ្ជបណ្ឌិតចំនួន ៥ នាក់ និងពលរដ្ឋអ៊ីតាលី ១០នាក់ផ្សេងទៀត បានឆ្លងនូវមេរោគ Covid-19 ។
បើតាមអាជ្ញាធរអ៊ីតាលីបានប្រាប់ឲ្យដឹងថា ក្នុងចំណោមអ្នកឆ្លងថ្មីនេះមានជនរងគ្រោះម្នាក់ត្រូវគេរកឃើញថា បានឆ្លងមេរោគ Covid-19 ក្រោយពេលគាត់ត្រលប់មកពីបារមួយកន្លែង ព្រោះហេតុផលនេះហើយទើបអាជ្ញាធរសម្រេចនាំយកមនុស្ស ២៥០ នាក់ផ្សេងទៀតដែលបានទៅកំសាន្តក្នុងបារខាងលើនេះ ឲ្យនៅដាច់ដោយឡែកពីគេមួយរយៈសិនដើម្បីតាមដានសុខភាពរបស់ពួកគេ។
បើតាមលោក Giuseppe Conte នាយករដ្ឋមន្ត្រីអ៊ីតាលីបានបញ្ជាក់ថា ចំណាត់ការខាងលើនេះបានធ្វើឲ្យពលរដ្ឋប្រមាណជា ៥០ ០០០ នាក់ត្រូវសម្ងំនៅក្នុងផ្ទះមួយរយៈសិនបើគ្មានភារកិច្ចចាំបាច់ត្រូវចេញក្រៅនោះទេ ហើយអាជ្ញាធរនឹងដុតដៃដុតជើងព្យាបាលរាល់អ្នកឆ្លងមេរោគ Covid-19 ឲ្យបានឆាប់បំផុត៕

អត្ថបទ៖ ភក្តី

