អន្តរជាតិ

រដ្ឋមន្ត្រីឥណ្ឌូនេស៊ីនិយាយថា អ្នកមានគួរតែរៀបការជាមួយអ្នកក្រ ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងប្រទេស

BY
autoadmin
February 22, 2020

រដ្ឋមន្ត្រីឥណ្ឌូនេស៊ីបាននិយាយថា អ្នកមានគួរតែរៀបការជាមួយអ្នកក្រ ដើម្បីភាពក្រីក្រនៅក្នុងប្រទេសអាចត្រូវបានកាត់បន្ថយ។ លោក Muhadjir Effendy រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍មនុស្ស និងវប្បធម៍ បាននិយាយកាលពីដើមសប្ដាហ៍ថា នៅពេលអ្នកក្ររៀបការជាមួយអ្នកក្រដូចគ្នា នឹងបង្កើតបានជាគ្រួសារក្រីក្រកាន់តែច្រើន ហើយវាជាបញ្ហានៅឥណ្ឌូនេស៊ី។ លោក Effendy បានលើកឡើងពីស្ថិតិមួយចំនួនអំពីគ្រួសារ និងសុខុមាលភាពក្នុងប្រទេស ហើយបាននិយាយថា ៥លាននាក់ក្នុងចំណោម ៥៧.២លានគ្រួសារ ឬ ៩.៤% នៃចំនួនទាំងនោះនៅក្នុងប្រទេសឥណ្ឌូនេស៊ី គឺជាគ្រួសារក្រីក្រ។

លោក Muhadjir Effendy បានបន្ថែមថា នៅក្នុងប្រទេសរបស់ខ្លួនក៏មាន ១៦.៨% ឬប្រហែល ១៥លានគ្រួសារ ដែលស្ទើរតែអាចនិយាយបានថា ជាគ្រួសារក្រីក្រ ដោយសារតែពួកគេមានប្រាក់ចំណូលទាប។ ដូច្នេះលោករដ្ឋមន្ត្រីកំពុងណែនាំថា រដ្ឋមន្រ្តីក្រសួងកិច្ចការសាសនាលោក Fachrul Razi គួរចេញច្បាប់ថ្មីដើម្បីផ្តល់ការណែនាំ និងបញ្ជាឱ្យជនក្រីក្ររកមើលអ្នកមាន ហើយអ្នកមានរកមើលអ្នកក្រមករៀបការជាមួយគ្នាវិញ។ លោកក៏បានស្នើផងដែរថា គូស្វាមីភរិយាដែលមិនមានស្ថេរភាពផ្នែកសេដ្ឋកិច្ច ប៉ុន្តែនៅតែចង់រៀបការ អាចចុះឈ្មោះយកសំបុត្រអាពាហ៍ពិពាហ៍បណ្ដោះអាសន្ន នៅក្នុងកម្មវិធីដែលបង្កើតឡើងដោយប្រធានាធិបតី Joko Widodo ៕

អត្ថបទ៖ លីដា
ប្រភព៖ thejakartapost

Share This Post: