អន្តរជាតិ

ខ្លាចប្រជាជនខ្លួនអត់មានម៉ាស់ប្រើគ្រប់គ្រាន់ ថៃសម្រេចបិទមិនឲ្យនាំម៉ាស់ចេញឡើយ

BY
autoadmin
February 22, 2020

ថៃ៖ ការផ្គត់ផ្គង់ម៉ាស់មិនបានគ្រប់គ្រាន់ទៅតាមតម្រូវការរបស់ប្រជាពលរដ្ឋ ដើម្បីការពាខ្លួនពីមេរោគ Covid-19 កំពុងតែក្លាយជាបញ្ហា និងក្តីកង្វល់ចម្បងមួយនៅតាមបណ្តាប្រទេសមួយចំនួន។ ដើម្បីឆ្លើយតបនឹងបញ្ហាបន្ទាន់នេះ រដ្ឋាភិបាលថៃបានសម្រេចបិទការនាំចេញម៉ាស់ពីប្រទេសខ្លួនទៅកាន់ប្រទេសដដៃ ដើម្បីរក្សាចំនួនម៉ាស់សម្រាប់តែការផ្គត់ផ្គង់ក្នុងស្រុកតែប៉ុណ្ណោះ។ បើតាមលោក Whichai Phochanakij ប្រធាននាយកដ្ឋានពាណិជ្ជកម្មផ្ទៃក្នុងថៃបានបញ្ជាក់ថា រដ្ឋាភិបាលថៃបានសម្រេចដាក់ចេញនូវបទបញ្ជាថ្មីមួយ គឺហាមមិនឲ្យក្រុមហ៊ុនផលិតម៉ាស់ក្នុងស្រុកឬក្រុមអាជីវករនាំផលិតផលនេះចេញទៅលក់ក្រៅប្រទេសឡើយ ព្រោះថៃបារម្ភថាប្រជាពលរដ្ឋខ្លួនអាចនឹងគ្មានម៉ាស់ប្រើប្រាស់គ្រប់គ្រាន់ដែរ ប្រសិនបើក្រុមហ៊ុនឬក្រុមអាជីវករនៅតែបន្តយកម៉ាស់ទៅលក់នៅក្រៅប្រទេសដើម្បីទទួលបានតម្លៃខ្ពស់។

យ៉ាងណាក្តី រដ្ឋាភិបាលថៃបានកំណត់ថា ការផ្ញើម៉ាស់ចេញពីក្រៅប្រទេសក្នុងបរិមាណតិចជាង ៥០០ ម៉ាស់ត្រូវបានអនុញ្ញាត ព្រោះចំនួននេះអាចមិនមែនជាការធ្វើអាជីវកម្មឡើយ តែវាគ្រាន់តែជាការផ្ញើជូនបងប្អូនឬសាច់ញាតិដែលនៅក្រៅប្រទេសតែប៉ុណ្ណោះ។ ចំពោះរាល់អ្នកដំណើរវិញ គឺអាចនាំយកម៉ាស់ជាប់ខ្លួនចំនួនតែ ៣០ ប៉ុណ្ណោះពេលធ្វើដំណើរចេញពីប្រទេសថៃ ហើយបើក្នុងករណីដែលពួកគេមានលិខិតបញ្ជាក់ពីអាជ្ញាធរសុខាភិបាលថាពួកគេត្រូវប្រើប្រាស់ម៉ាស់ច្រើននោះ ពួកគេអាចយកម៉ាស់តាមខ្លួនរហូតដល់ ៥០ ម៉ាស់។ សូមបញ្ជាក់ជូនថា ក្រោយផ្ទុះការរាតត្បាតមេរោគ Covid-19 ការបញ្ជាទិញម៉ាស់ពីប្រទេសថៃ មានការកើនឡើងខ្ពស់បំផុត ព្រោះផលិតផលរបស់ថៃត្រូវបានគេជឿថា ជាផលិតផលដែលមានគុណភាពខ្ពស់អាចទុកចិត្តបាន និងខណៈប្រទេសមួយចំនួនផលិតម៉ាស់លែងទាន់តម្រូវការហើយ៕

អត្ថបទ៖ ភក្តី

Share This Post: