អន្តរជាតិ

ស្តេចស៊ុលតង់ម៉ាឡេស៊ីទទួលយកពាក្យលាលែងពីលោក Mahathir Mohamad ប៉ុន្តែតែងតាំងលោកធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្នរហូតដល់មានអ្នកថ្មីមកកាន់តំណែង

BY
autoadmin
February 25, 2020

ម៉ាឡេស៊ី៖ លេខារដ្ឋាភិបាលលោក Mohd Zuki Ali បាននិយាយកាលពីថ្ងៃច័ន្ទថា ការលាលែងពីតំណែងរបស់នាយករដ្ឋមន្ត្រី Mahathir Mohamad ត្រូវបានទទួលយកជាផ្លូវការដោយព្រះមហាក្សត្ររបស់ប្រទេស។ លោកបាននិយាយថា ស្ដេចស៊ុលតង់ អាប់ឌុលឡាហ៍ ស៊ុលតង់ អាម៉ាដសាហ៍ (Abdullah Sultan Ahmad Shah) ដែលជាប្រមុខរដ្ឋនៃប្រទេសម៉ាឡេស៊ី ក៏បានតែងតាំងលោក Mahathir ឱ្យនៅធ្វើជានាយករដ្ឋមន្ត្រីបណ្តោះអាសន្ន រហូតដល់មានអ្នកថ្មីអាចត្រូវបានតែងតាំងស្របតាមបទប្បញ្ញត្តិរដ្ឋធម្មនុញ្ញ។

លោក Mahathir ផ្ទាល់មិនបាននិយាយជាសាធារណៈទេ ចាប់តាំងពីការប្រកាសលាលែងរបស់លោក ហើយក៏មិនបានផ្តល់ហេតុផល ឬការពន្យល់ណាមួយចំពោះការធ្វើដូច្នេះដែរ។ មុននេះប្រធានគណបក្ស Parti Pribumi Bersatu Malaysia (PPBM) របស់លោក Mahathir ដែលជាសមាជិកមួយនៃគណបក្សទាំង ៤នៃសម្ព័ន្ធភាព Pakatan Harapan (PH) បាននិយាយថា គណបក្សនេះកំពុងចាកចេញពីសម្ព័ន្ធភាពនេះ។ ការវិវឌ្ឍន៍នេះ កើតឡើងចំពេលមានការរំពឹងទុកយ៉ាងខ្លាំងថា ការរៀបចំសម្ព័ន្ធភាពជាថ្មីត្រូវបានគ្រោងទុក ដោយមានគណបក្សនយោបាយជាច្រើនរួមទាំងក្រុមប្រឆាំងរៀបចំកិច្ចប្រជុំនៅថ្ងៃអាទិត្យ៕

អត្ថបទ៖ លីដា

Share This Post: