សង្គម

ឯកឧត្តម ហ៊ុន​ ជា នាំយកសំភារៈប្រើប្រាស់ជាច្រើន និងទឹកប្រាក់មួយចំនួនជូនដល់លោក បេន ដាវីស ដែលកំពុងការពារនិងអភិរក្សសត្វ និងព្រៃឈើនៅកម្ពុជា

BY
Khmernote Media
February 25, 2020

លោកឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ជា​ រួមទាំង​សប្បុរសជន​ជាច្រើន បាននាំយកអំណោយ​ និង​ ថវិកា​ ទៅ​ឧបត្ថម្ភ​ លោក​ បេន ដេវីស និងក្រុមការងារ ដេីម្បី​ចូលរួមចំណែកដោះស្រាយបញ្ហាលំបាកនានា​ដែលលោកបេនជួបប្រទះ​។ ការឧបត្ថម្ភ ក៏ដូចជាការចុះទៅសួរសុខទុក្ខផ្ទាល់នេះបន្ទាប់ពីស្ពានឈើចំនួន២ ត្រូវបានលួចដុតនៅក្នុងខែកុម្ភៈ ឆ្នាំ ២០២០ ជាស្ពានច្រកចេញចូលទៅដែនជម្រកសត្វព្រៃ តំបន់ភ្នំត្នោត ដែលមានលោក បេន ដាវីស ជនជាតិអាមេរិកកាំងជាតំណាងចូលរួមគ្រប់គ្រង និងអភិរក្សតំបន់នោះ។

ក្នុងនោះផងដែរលោកឧត្ដមសេនីយ៍​ឯក​ ហ៊ុន​ ជា​ បានសរសេររៀបរាប់ថា៖ “មូលនិធិចែករំលែកក្ដីស្រលាញ់” អរគុណបេន! បេន, នេះជាការលះបង់ដល់ធំធេង សំរាប់ខ្ញុំ និងធម្មជាតិរបស់ប្រទេសខ្ញុំ។ ក្នុងនាមខ្ញុំជាប្រធានក្រុមក្នុងសកម្មភាពនេះ បានឆ្លៀតពេលនាំយកសំភារៈប្រើប្រាស់ គ្រឿងបរិភោគ និងទឹកប្រាក់មួយចំនួនសំរាប់គ្រួសារបេន និងក្រុមការងាររបស់បេន ក្នុងទឹកដី ភូមិតាបស ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ជំនួយទាំងអស់មិនបានបញ្ជាក់ ដោយសារសុវត្ថិភាពរបស់បេន សុំបងប្អូនជនរួមជាតិទាំងអស់យោគយល់ តែជំនួយទាំងអស់បានដល់ដៃបេន និងក្រុមការងាររបស់បេនហើយ។

ខ្ញុំពិតជាសប្បាយចិត្ត និងត្រេកអរណាស់ចំពោះការលះបង់ដ៏ធំធេងនេះ ខ្ញុំក៏សូមជូនបុណ្យកុសលទាំងអស់ ដល់បងប្អូនជនរួមជាតិទាំងអស់ដែលបានចែករំលែកការស្រលាញ់ នេះដល់បេន និងសូមអោយទេវតា តាមថែរក្សាអោយបងប្អូនមានសុខភាពល្អ និងរកទទួលទានមានបានទាំងអស់គ្នា បាទ។ បេន, ខ្ញុំនិងនៅជាមួយអ្នក!!! MR.BEN, we here with you ពីហ៊ុន ជា ដែលស្រលាញ់បងប្អូន និងចែករំលែកការស្រលាញ់ដល់បងប្អូនទាំងអស់គ្នា”។

គួររំលឹកថាលោក Ben Davis ដែលលោកបានចំណាយពេលជាង២០ឆ្នាំ នាំគ្រួសារមករស់នៅក្នុងព្រៃដើម្បីការពារនិងអភិរក្ស សត្វ និងព្រៃឈើនៅកម្ពុជា ធនធានធម្មជាតិដែនជម្រកសត្វព្រៃ “ភ្នំត្នោត-ភ្នំពក”។ លោក បេន ដេវីស (BEN DEVIS) ជនជាតិអាមេរិកកាំង ដែលស្រឡាញ់សម្បត្តិធម្មជាតិកម្ពុជា នៅដែនជម្រកសត្វព្រៃភ្នំត្នោតភ្នំពក ដែលកំពុងរស់នៅជាមួយគ្រួសារ និងបានលះបង់កំលាំងកាយ កំលាំងចិត្ត ដើម្បីបុព្វហេតុការពារ និងអភិរក្សធនធានព្រៃឈើ និងសត្វព្រៃនៅក្នុងដែនជម្រកសត្វព្រៃភ្នំត្នោត-ភ្នំពក នៅក្នុងខេត្តព្រះវិហារ៕

Share This Post: