អន្តរជាតិ

WHO ព្រមានអំពីលទ្ធភាពដែល COVID-19 នឹងអាចឆ្លងរាលដាលពាសពេញពិភពលោក

BY
autoadmin
February 25, 2020

អង្គការសុខភាពពិភពលោកកាលពីថ្ងៃច័ន្ទបាននិយាយថា ការរីករាលដាលនៃ COVID-19 បានកើនឡើងដល់កម្រិតខ្ពស់បំផុតនៅក្នុងប្រទេសចិន ប៉ុន្តែក៏បានព្រមានថា ការកើនឡើងនូវករណីនៅប្រទេសផ្សេងទៀតគឺគួរឱ្យមានការព្រួយបារម្ភយ៉ាងខ្លាំង ហើយប្រទេសទាំងអស់គួរតែត្រៀមសម្រាប់ការរីករាលពាសពេញពិភពលោក (Pandemic)។ ប្រធានអង្គការសុខភាពពិភពលោក Tedros Adhanom Ghebreyesus បាននិយាយថា កម្រិតឆ្លងខ្ពស់បំផុតនៅក្នុងប្រទេសចិនបានកើតឡើងនៅចន្លោះថ្ងៃទី២៣ ខែមករា ដល់ថ្ងៃទី០២ ខែកុម្ភៈ ហើយចំនួនករណីថ្មីៗបានធ្លាក់ចុះជាលំដាប់ចាប់តាំងពីពេលនោះមក។

លោកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងហ្សឺណែវថា៖ “វីរុសនេះអាចទប់ទល់បាន” ដោយកោតសរសើរប្រទេសចិន ដែលបានជួយទប់ស្កាត់កុំឱ្យមានការរីករាលដាលកាន់តែធំឡើង តាមរយៈការបិទទ្វារទីក្រុងដែលមិនធ្លាប់មានពីមុនមក និងការធ្វើចត្តាឡីស័កនៅចំណុចកណ្តាលនៃការផ្ទុះ។ ឆ្លើយតបនឹងសំណួរបានសួរថា តើវីរុសនេះមានសក្តានុពលរាតត្បាតពាសពេញពិភពលោកទេ? លោក Tedros Adhanom Ghebreyesus បានឆ្លើយថា៖ “ពិតណាស់បាទ! ប៉ុន្តែសម្រាប់ពេលនេះយើងមិនទាន់បានឃើញការរីករាលដាល មាននៅទូទាំងពិភពលោកនៅឡើយទេ”។

លោកបន្ដថា៖ “ខ្ញុំបាននិយាយជាច្រើនលើករួចមកហើយពីតម្រូវការ «ការពិត» មិនមែនភាពខ្លាចជ្រុល។ ការប្រើពាក្យ «រាតត្បាតគ្រប់ទីកន្លែង» នៅពេលនេះ វាមិនត្រូវនឹងការពិតជាក់ស្ដែងទេ ប៉ុន្តែវាអាចបង្កឱ្យមានការភ័យខ្លាចទៅវិញ”។ ពោលគឺការរាតត្បាតពេលនេះ មិនបានឆ្លើយតបទៅនឹងលក្ខណៈវិនិច្ឆ័យចាំបាច់ ដែលនឹងត្រូវពិពណ៌នាថាជា «ការរាតត្បាតពាសពេញពិភពលោក» នោះទេ ប្រសិនបើនិយាយអំពីការរាលដាលជាក់ស្ដែង និងផលប៉ះពាល់តាមភូមិសាស្ត្ររបស់វា។ ប៉ុន្តែយ៉ាងណាត្រូវតែត្រៀមខ្លួនទប់ទល់នឹងការរាតត្បាតនេះ ដើម្បីការពារលទ្ធភាពដែលវាអាចក្លាយជាការរាតត្បាតគ្រប់ទីកន្លែង៕

អត្ថបទ៖ លីដា

Share This Post: