ការសិក្សាមួយបានបង្ហាញថា ទម្លាប់ញ៉ាំកាហ្វេជួយឲ្យលោកអ្នកមានឆ្អឹងរឹងមាំជាងអ្នក ដែលមិនញ៉ាំទាល់តែសោះ
ហុងកុង៖ ការសិក្សាមួយបានរកឃើញថា អ្នកមានទម្លាប់ញ៉ាំកាហ្វេជាប្រចាំមានឆ្អឹងរឹងមាំជាងអ្នកដែលមិនញ៉ាំកាហ្វេទាល់តែសោះ។ ការសិក្សាមួយនេះបានធ្វើឡើងដោយក្រុមអ្នកវិទ្យាសាស្ត្រនៅក្នុងសាកលវិទ្យាល័យហុងកុង និងបានសិក្សាទៅលើក្រុមយុវជនចិនចំនួន ៥៦៤ នាក់អំពីជំងឺពុកឆ្អឹងរបស់ពួកគេ។ លទ្ធផលនៃការសិក្សាបានបង្ហាញថា នៅក្នុងឆ្អឹងរបស់ក្រុមយុវជនដែលមានទម្លាប់ញ៉ាំកាហ្វេជាប្រចាំនោះមានសារធាតុចំនួន ៣មុខ (Quinate, 3-hydroxypyridine Sulfate, និង Trigonelline) ច្រើនជាងក្រុមយុវជនដែលគ្មានទម្លាប់ញ៉ាំកាហ្វេ ហើយសារធាតុសំខាន់ៗទាំងនេះបានជួយធ្វើឲ្យឆ្អឹងមានសុខភាពល្អនិងរឹងមាំជាងធម្មតា។

គួរម្លឹកជូនផងដែរថា កន្លងមកមានការសិក្សាជាច្រើនសុទ្ធតែបានរកឃើញគុណប្រយោជន៍ពីការទទួលទានកាហ្វេ ដូចជាការសិក្សានៅអាមេរិកកាលពីឆ្នាំ ២០១២ បានបង្ហាញថា ការញ៉ាំកាហ្វេបានជួយកាត់បន្ថយអត្រានៃការកើតមានជំងឺបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាល និងជំងឺទឹកនោមផ្អែម ដែលកត្តានេះបានធ្វើឲ្យអ្នកញ៉ាំកាហ្វេអាចមានអាយុវែងជាងអ្នកដែលមិនញ៉ាំកាហ្វេទាល់តែសោះ។ សូមបញ្ជាក់ថា រាល់ការញ៉ាំកាហ្វេលោកអ្នកត្រូវតែប្រាកដថា វាជាកាហ្វេធម្មជាតិគ្មានជាតិគីមី ហើយសូមកុំបន្ថែមស្ករច្រើនពេកព្រោះការទទួលទានជាតិស្ករច្រើនអាចធ្វើឲ្យប៉ះពាល់ដល់សុខភាពផងដែរ៕
អត្ថបទ៖ភក្តី
ប្រភព៖worldofbuzz
