អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ីរ៉ង់បានឆ្លងវីរុស COVID-19 ចំពេលស្ថានការណ៍កាន់តែយ៉ាប់យ៉ឺន
យោងតាមការចុះផ្សាយរបស់ BBC បានឱ្យដឹងថា អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាលអ៊ីរ៉ង់លោក Iraj Harirchi បានធ្វើតេស្តវិជ្ជមានចំពោះវីរុស COVID-19 ។ គួរឱ្យដឹងដែរថា អ៊ីរ៉ង់គឺជាតំបន់មួយក្នុងចំណោមតំបន់មានការឆ្លងរាលដាលខ្លាំងទាំង ៣ នៅខាងក្រៅប្រទេសចិន ដែលបង្កការព្រួយបារម្ភថា វីរុសនេះអាចនឹងក្លាយជាជំងឺរាតត្បាតពេញពិភពលោក (pandemic)។ អនុរដ្ឋមន្រ្តីក្រសួងលោក Iraj Harirchi កាលពីថ្ងៃច័ន្ទនេះ មានចេញរោគសញ្ញាមួយចំនួនអំឡុងពេលថ្លែងការណ៍ ប៉ុន្តែបានបដិសេធថាមិនបានបិទបាំងទំហំនៃការផ្ទុះនៃវីរុសនៅក្នុងប្រទេសនោះទេ។

គិតមកទល់ពេលនេះអ៊ីរ៉ង់បានរាយការណ៍ថា មាន ៩៥ករណី ប៉ុន្តែចំនួនជាក់ស្តែងត្រូវបានគេគិតថាខ្ពស់ជាងនេះ។ អគ្គនាយករងនៃអង្គការសុខភាពពិភពលោក (WHO) លោក Tedros Adhanom Ghebreyesus ប៉ុន្មានថ្ងៃមុនក៏បានបង្ហាញពីការព្រួយបារម្ភថា ការកើនឡើងនូវករណីភ្លាមៗនៅក្នុងប្រទេសនានា ដែលនៅខាងក្រៅប្រទេសចិនគឺ “គួរឱ្យបារម្ភយ៉ាងខ្លាំង” ហើយលោកក៏បានទាមទារឱ្យមានការត្រៀមខ្លួនផងដែរ។ ចំណែករដ្ឋមន្រ្តីក្រសួងការបរទេសសហរដ្ឋអាមេរិកលោក Mike Pompeo បាននិយាយនៅថ្ងៃអង្គារនេះថា ពួកគេព្រួយបារម្ភខ្លាចថាអ៊ីរ៉ង់ប្រហែលជាបានលាក់បាំងនូវព័ត៌មានលម្អិតអំពីការផ្ទុះឡើងរបស់ខ្លួន ហើយបានជំរុញឱ្យប្រទេសទាំងអស់ប្រាប់ការពិតជាក់ស្ដែងអំពីវីរុសនេះ។

ប្រជាជនអ៊ីរ៉ង់បានស្លាប់ដោយសារវីរុស COVID-19 ច្រើនជាងកន្លែងផ្សេងទៀតទាំងអស់នៅខាងក្រៅប្រទេសចិន ហើយប្រទេសទាំងពីរគឺមានទំនាក់ទំនងពាណិជ្ជកម្មយ៉ាងជិតស្និទ្ធ។ បណ្តាប្រទេសផ្សេងទៀតដែលកំពុងមានការឆ្លងរាលដាលខ្លាំង គឺប្រទេសកូរ៉េខាងត្បូង និងអ៊ីតាលី ដែលមានករណីជាច្រើនបានកើតឡើងនៅក្នុងប៉ុន្មានថ្ងៃថ្មីៗនេះ។ មានករណី COVID-19 ពេលនេះមានចំនួន ៨០,០០០ករណី ត្រូវបានគេរាយការណ៍ទូទាំងពិភពលោក ចាប់តាំងពីវាបានលេចចេញនៅចុងឆ្នាំមុននៅទីក្រុងវូហាន។ មានអ្នកជំងឺប្រហែលជា ២,៧០០នាក់ បានស្លាប់ ដែលភាគច្រើនគឺនៅប្រទេសចិន៕



អត្ថបទ៖ លីដា
ប្រភព៖ BBC