ជប៉ុនអាចនឹងហាមឃាត់អ្នកដំណើរទាំងអស់ ដែលមកពីក្រុង Daegu របស់កូរ៉េខាងត្បូង
រដ្ឋាភិបាលជប៉ុនបានចាប់ផ្តើមរៀបចំ ដើម្បីរារាំងជនជាតិបរទេសពីតំបន់ភាគខាងត្បូងនៃប្រទេសកូរ៉េខាងត្បូង មិនឱ្យចូលប្រទេសជប៉ុននោះទេ ដើម្បីឆ្លើយតបទៅនឹងការរីករាលដាលនៃវីរុស COVID-19 ។ វិធានការណ៍នេះនឹងហាមឃាត់ការចូលរបស់ពលរដ្ឋបរទេស ដែលបានស្នាក់នៅក្នុងទីក្រុង Daegu និងស្រុក Cheongdo ក្នុងខេត្ត Gyeongsang ខាងជើង ដែលបានមកដល់ជប៉ុនក្នុងរយៈពេល ១៤ថ្ងៃ ចុងក្រោយនេះ លើកលែងតែពួកគេមានហេតុផលពិសេស។ សមាជិកនៃក្រុមការងាររបស់រដ្ឋាភិបាលស្តីពីផែនការសម្រាប់ការផ្ទុះឡើងនេះ នឹងពិភាក្សាពីការហាមឃាត់នៅថ្ងៃពុធនេះ។

បញ្ហានេះកើតឡើងបន្ទាប់ពីក្រសួងការបរទេសជប៉ុន បានប្រកាសហានិភ័យសម្រាប់វីរុសឆ្លងនៅក្នុងតំបន់នោះដល់កម្រិតទី២ កាលពីថ្ងៃអង្គារ ហើយកម្រិតដែលខ្ពស់បំផុតគឺ៤។ ប្រជាជនត្រូវបានគេណែនាំឱ្យលុបចោលការធ្វើដំណើរដែលមិនចាំបាច់ទៅតំបន់នោះ។ ប្រទេសជប៉ុនបានហាមឃាត់រួចហើយ នូវការចូលរបស់ជនជាតិបរទេសដែលបានស្នាក់នៅខេត្តហ៊ូប៉ី និងហ្សេជាំង។ អ្នកដែលកាន់លិខិតឆ្លងដែន ដែលចេញដោយខេត្តក៏ត្រូវបានរារាំងដែរ។ ការលើកលែងអាចត្រូវបានធ្វើឡើង ប្រសិនបើមនុស្សមកពីតំបន់ទាំងនោះមានហេតុផលពិសេស៕


អត្ថបទ៖ លីដា