អាមេរិកចាប់ផ្ដើមធ្វើតេស្ដរកថ្នាំប្រឆាំងវីរុស COVID-19 ដោយប្រើឱសថដែលធ្លាប់បានប្រើសម្រាប់ជំងឺអេបូឡា
មន្ត្រីសុខាភិបាលអាមេរិកនិយាយថា ប្រទេសរបស់ខ្លួនបានចាប់ផ្តើមធ្វើតេស្តរកថ្នាំប្រឆាំងវីរុស COVID-19 ហើយពេលនេះកំពុងស្ថិតក្រោមការស៊ើបអង្កេតបន្ថែម។ វិទ្យាស្ថានសុខភាពជាតិ (NIH) បានប្រកាសកាលពីថ្ងៃអង្គារនេះថា ខ្លួនបានចាប់ផ្តើមសាកល្បងគ្លីនិកដោយប្រើថ្នាំ Remdesivir នៅឯមជ្ឈមណ្ឌលវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យ Nebraska ទៅលើអ្នកឆ្លងវីរុសដែលចេញពីនាវា Diamond Princess ។ ឱសថនេះត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនជីវបច្ចេកវិទ្យា Gilead Sciences ហើយថ្នាំ Remdesivir នេះដើមឡើយត្រូវបានបង្កើតឡើងសម្រាប់អ្នកជំងឺអេបូឡា។

ប្រសិទ្ធភាពរបស់វានឹងត្រូវបានសិក្សាដោយប្រៀបធៀបលទ្ធផល រវាងក្រុមអ្នកជំងឺដែលប្រើប្រាស់ឱសថនេះ ទៅនឹងក្រុមអ្នកជំងឺដែលប្រើថ្នាំតាមស្ថានភាពជំងឺ ដែលក្នុងភាសាវេជ្ជសាស្ត្រហៅថា “placebo” ។ Gilead Sciences និយាយថា ថ្នាំនេះមានប្រសិទ្ធភាពក្នុងការសាកល្បងលើសត្វ សម្រាប់ជំងឺ MERS និង SARS ហើយជំងឺទាំង២នេះក៏បង្កដោយក្រុមវីរុសកូរ៉ូណា។ វេជ្ជបណ្ឌិតដឹកនាំការសិក្សានេះបានប្រាប់អ្នកយកព័ត៌មានកាលពីថ្ងៃអង្គារថា លទ្ធផលបឋមអាចត្រូវបានគេមើលឃើញក្នុងរយៈពេលមួយឆ្នាំទៀត។ សម្រាប់ពេលនេះការព្យាបាលដោយថ្នាំជំងឺផ្តាសាយ និងអេដស៍ ត្រូវបានគេធ្វើតេស្តលើអ្នកជំងឺ ប៉ុន្តែមិនទាន់មានការព្យាបាលជាក់លាក់ ឬវ៉ាក់សាំង ចំពោះវីរុសថ្មីនេះនៅឡើយទេ។
ក្រុមវេជ្ជបណ្ឌិតរបស់ NIH មានគោលបំណងជ្រើសរើសអ្នកជំងឺប្រហែល ៤០០នាក់ ពីក្នុងសហរដ្ឋអាមេរិក និងនៅបរទេស ចេញពីទីតាំងចំនួន ៥០ ទូទាំងពិភពលោក។ ការសាកល្បងនឹងមិនត្រូវបានបើកសម្រាប់មនុស្សដែលឆ្លងជំងឺស្រាលៗនោះទេ ហើយអ្នកដែលមានសិទ្ធិចូលរួមការធ្វើតេស្ដនេះ លុះត្រាតែពួកគេឈឺធ្ងន់ធ្ងរនៅឯមន្ទីរពេទ្យ ដោយសារជំងឺរលាកសួត ដែលបង្កពីវីរុស COVID-19 នេះ៕


អត្ថបទ៖ លីដា