អន្តរជាតិ

នៅជប៉ុនមានករណីអ្នកឆ្លងវីរុស COVID-19 បានជាសះស្បើយហើយ ប៉ុន្តែបែរជាធ្វើតេស្តម្តងទៀតឃើញលទ្ធផលវិជ្ជមានទៅវិញ

BY
autoadmin
February 27, 2020

មន្រ្តីតំបន់អូសាកាភាគខាងលិចប្រទេសជប៉ុននិយាយថា ស្ត្រីម្នាក់មានអាយុ ៤០ឆ្នាំ ដែលធ្លាប់បានព្យាបាលវីរុស COVID-19 និងបានចាកចេញពីមន្ទីរពេទ្យកាលពីដើមខែ ពេលនេះត្រូវបានគេធ្វើតេស្តវិជ្ជមានម្តងទៀត។ ស្ត្រីរូបនេះគឺជាមគ្គុទេសទេសចរណ៍ម្នាក់រស់នៅក្នុងទីក្រុងអូសាកា គាត់បានជិះឡានក្រុងដឹកភ្ញៀវទេសចរមកពីទីក្រុងវូហានប្រទេសចិនកាលពីពាក់កណ្តាលខែមករា ហើយត្រូវបានធ្វើតេស្តវិជ្ជមាននៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២០។ ស្ត្រីរូបនេះចាកចេញពីមន្ទីរពេទ្យក្នុងតំបន់កាលពីថ្ងៃទី០១ ខែកុម្ភៈ ហើយត្រូវបានបញ្ជាក់ថា គ្មានវីរុសតទៀតនៅថ្ងៃទី០៦ ខែកុម្ភៈ។

ប៉ុន្តែនៅថ្ងៃទី១៩ ខែកុម្ភៈ នាងមានអារម្មណ៍ឈឺបំពង់ក និងឈឺទ្រូង។ បន្ទាប់ពីបានទៅជួបគ្រូពេទ្យជាច្រើនដងរួចមក មួយសប្តាហ៍ក្រោយមកនាងត្រូវបានគេធ្វើតេស្ត ហើយលទ្ធផលគឺវិជ្ជមានជាមួយវីរុសម្តងទៀត។ តាមរបាយការណ៍បានឱ្យដឹងថា ស្ត្រីនោះបានពាក់ម៉ាស និងស្នាក់នៅផ្ទះ បន្ទាប់ពីចាកចេញពីស្ថាប័នវេជ្ជសាស្ត្រ។ គាត់មិនបានទៅធ្វើការទេ ហើយក៏មិនមានទំនាក់ទំនងជិតស្និទ្ធជាមួយនរណាម្នាក់ដែរ។ ឥឡូវគាត់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យក្នុងខេត្តម្ដងទៀត។ មន្រ្តីអាណាខេត្តជឿជាក់ថា វីរុសដែលនៅសេសសល់ក្នុងស្ត្រីអាចកើនឡើង ឬស្ត្រីត្រូវបានឆ្លងម្តងទៀត។

អ្នកជំនាញផ្នែកជំងឺឆ្លងនៅសាកលវិទ្យាល័យអូសាកានិយាយថា អ្នកដែលឆ្លងវីរុសនឹងបង្កើតអង្គបដិប្រាណ (antibodies) ដូច្នេះជាធម្មតាពួកគេអាចចៀសវាងការឆ្លងឡើងវិញដោយវីរុសដូចគ្នា។ ទោះយ៉ាងណាក៏ដោយប្រសិនបើមិនមានអង្គបដិប្រាណគ្រប់គ្រាន់ទេនោះ បុគ្គលនោះអាចងាយនឹងឆ្លងឡើងវិញ ឬវីរុសនៅក្នុងខ្លួនអាចនឹងកើនឡើងវិញ៕

 

អត្ថបទ៖ លីដា

Share This Post: