អន្តរជាតិ

ប្រទេសថៃនឹងផាកពិន័យ ឬឈានទៅដល់ការដាក់ពន្ធនាគារ ទៅលើបុគ្គលណា ដែលលាក់បាំងប្រវត្តិធ្វើដំណើររបស់ខ្លួន

BY
autoadmin
February 27, 2020

ក្រសួងសុខាភិបាលថៃបានព្រមានប្រជាជនមិនឱ្យមានការលាក់បាំងព័ត៌មានពីមន្រ្តីសុខភាពសាធារណៈឡើយ ហើយស្នើឱ្យទីភ្នាក់ងារ និងក្រុមហ៊ុនរដ្ឋចេញសេចក្តីណែនាំ និងហាមឃាត់ជាបណ្តោះអាសន្ន លើដំណើរទស្សនកិច្ចទៅកាន់បណ្តាប្រទេសដែលរងផលប៉ះពាល់ដោយ COVID-19 ខណៈពួកគេកំពុងបង្កើនកិច្ចខិតខំប្រឹងប្រែង ដើម្បីទប់ស្កាត់ការរីករាលដាលនៃវីរុសនេះ។ ការប្រកាសនេះកើតឡើងបន្ទាប់ពីថៃបានរកឃើញករណីថ្មីចំនួន ៣ បន្ថែមទៀតកាលពីម្សិលមិញ ហើយម្នាក់ក្នុងចំណោមពួកគេបានលាក់បាំងប្រវត្តិធ្វើដំណើរទៅប្រទេសជប៉ុន នៅពេលដែលគាត់បានទៅមន្ទីរពេទ្យក្រោយពេលមានអាការៈមិនស្រួល។

អ្នកឆ្លងទាំង ៣នាក់ គឺជាគ្រួសារតែមួយ ដោយតាយាយ ២នាក់ បានទៅលេងកោះហុកកៃដូក្នុងប្រទេសជប៉ុន និងក្រោយមកក៏បានចម្លងវីរុសទៅចៅរបស់គាត់អាយុ ៨ឆ្នាំ។ ករណីទាំង ៣ ថ្មីនាំឱ្យប្រទេសថៃមានករនីសរុបទាំងអស់ ៤០ ។ ការប្រកាសនេះក៏បានអនុវត្តតាមសេចក្តីសម្រេចរបស់គណៈកម្មាធិការជាតិស្តីពីជំងឺឆ្លងកាលពីដើមសប្តាហ៍នេះ ដើម្បីដាក់ COVID-19 ថាជា “ជំងឺឆ្លងដែលមានគ្រោះថ្នាក់”។ មួយវិញទៀតមន្រ្តីនឹងមានសិទ្ធិអំណាចក្រោមច្បាប់ស្តីពីជំងឺឆ្លង ដើម្បីបង្កើនការប្រុងប្រយ័ត្នចំពោះវីរុស។

អ្នកណាម្នាក់ដែលមានរោគសញ្ញា បន្ទាប់ពីបានទៅប្រទេសដែលមានហានិភ័យខ្ពស់ តម្រូវឱ្យរាយការណ៍ទៅអាជ្ញាធរ ហើយអ្នកដែលមិនគោរពតាមបទបញ្ជាប្រឈមនឹងការពិន័យ ឬដាក់ពន្ធនាគារ។ សេចក្តីប្រកាសដែលចុះហត្ថលេខាដោយរដ្ឋមន្រ្តីសុខាភិបាលសាធារណៈ Anutin Charnvirakul នឹងចូលជាធរមានមួយថ្ងៃបន្ទាប់ពីវាត្រូវបានផ្សព្វផ្សាយនៅក្នុង Royal Gazette ហើយគេរំពឹងថាវានឹងចូលជាធរមាននៅចុងសប្តាហ៍នេះ៕

អត្ថបទ៖ លីដា

Share This Post: