អន្តរជាតិ

វៀតណាមបញ្ជូនជនជាតិកូរ៉េខាងត្បូង ១៨នាក់ ទៅស្រុកវិញ បន្ទាប់ពីចចេសមិនព្រមធ្វើចត្តាឡីស័ក

BY
autoadmin
February 27, 2020

វៀតណាមបានបញ្ជូនជនជាតិកូរ៉េខាងត្បូងចំនួន ១៨នាក់ ដែលបានបដិសេធមិនឱ្យមានការដាក់ឱ្យនៅដាច់ដោយឡែក (ចត្តាឡីស័ក) បន្ទាប់ពីពួកគេបានទៅដល់ទីក្រុងដាណាង ចេញពីទីក្រុង Daegu ដែលជាទីតាំងកំពុងមានការរីករាលដាលខ្លាំងពីវីរុស COVID-19។ ការហោះហើរបានចាប់ផ្តើមនៅម៉ោង ១១ និង ៥៥នាទី កាលពីថ្ងៃអង្គារ ដោយចាកចេញពីអាកាសយានដ្ឋានអន្តរជាតិដាណាង ទៅកាន់អាកាសយានដ្ឋានអ៊ីនឈុនក្នុងទីក្រុងសេអ៊ូល ខណៈវៀតណាមក៏បានផ្អាករាល់ការហោះហើរចេញ/ចូលទីក្រុង Daegu ។ អ្នកទាំង១៨នាក់ ស្ថិតក្នុងចំណោមអ្នកដំណើរ ៨០នាក់ រួមមានជនជាតិកូរ៉េខាងត្បូង ២០នាក់ ជាជនជាតិថៃ ២នាក់ និងនិស្សិតវៀតណាម និងកម្មករ ៥៨នាក់ ដែលបានមកដល់ដាណាងកាលពីថ្ងៃច័ន្ទ។

លោក Le Thanh Phuc នាយកមន្ទីរពេទ្យដាណាងលុង (Da Nang Lung Hospital) បាននិយាយថា ជនជាតិកូរ៉េខាងត្បូង ២នាក់ បានយល់ព្រមស្នាក់នៅដាណាង និងទទួលយកការដាក់នៅដោយឡែករយៈពេល ១៤ថ្ងៃ ស្របតាមបទបញ្ជារបស់វៀតណាម។ ១៨នាក់ផ្សេងទៀតបានបដិសេធ ហើយចង់ហោះហើរទៅផ្ទះវិញ។ នៅមុនពេលក្រុមជនជាតិកូរ៉េខាងត្បូងចាកចេញពីទីក្រុងដាណាង ប្រធានទីក្រុងលោក Huynh Duc Tho ក៏បានសម្តែងការសោកស្តាយជាលាយលក្ខណ៍អក្សរថា៖ «ភ្ញៀវទេសចរមិនចូលចិត្តដំណើរកម្សាន្តរបស់ពួកគេ ដូចការរំពឹងទុករបស់យើងឡើយ។ យើងត្រូវបានបង្ខំឱ្យចាត់វិធានការបន្ទាន់ ដើម្បីធានាសុវត្ថិភាពភ្ញៀវទេសចរ និងសហគមន៍»៕

អត្ថបទ៖ លីដា

Share This Post: