សិង្ហបុរីមានអ្នកឆ្លងមេរោគ Covid-19 ៣ករណីបន្ថែមទៀត ក្នុងនោះមានទាំងក្មេងអាយុ១២ម្នាក់ទៀតផង
សិង្ហបុរី៖ សារព័ត៌មាន Channelnewsasia បានរាយការណ៍ថា សិង្ហបុរីមានករណីអ្នកឆ្លងមេរោគ Covid-19 ថ្មីចំនួន ៣ករណីបន្ថែមទៀត ក្នុងនោះមានទាំងក្មេងអាយុ ១២ម្នាក់ផង បើគិតត្រឹមព្រឹកថ្ងៃនេះ។ បើតាមក្រសួងសុខាភិបាលសឹង្ហបុរីបានឲ្យដឹងថា ក្មេងអាយុ ១២ ឆ្នាំនោះគឺជាសិស្សរៀននៅក្នុងវិទ្យាស្ថាន Raffles ប៉ុន្តែការរកឃើញថា សិស្សរូបនេះមានផ្ទុកមេរោគគឺមិនមែនក្នុងអំឡុងពេលដែលរូបគេនៅសាលារៀននោះទេ។
យ៉ាងណាក្តី អាជ្ញាធរសុខាភិបាលសិង្ហបុរីបានអំពាវថា ប្រសិនបើមានមិត្តរួមថ្នាក់ណាបានចេញក្រៅដើរលេង ឬចេញទៅលេងកីឡាផ្សេងៗជាមួយនឹងសិស្ស ដែលឆ្លងមេរោគខាងលើនេះ ពួកគេគួរតែមកពិនិត្យឈាមរកមេរោគដើម្បីឲ្យដឹងច្បាស់ថា បានឆ្លងមេរោគឬអត់។ សូមបញ្ជាក់ថា គិតមកដល់ពេលនេះសិង្ហបុរីមានអ្នកឆ្លងមេរោគ COVID-19 សរុបចំនួន ៩៦ ករណី អ្នកដែលត្រូវបានគេព្យាបាលឲ្យជាសះស្បើយចំនួន ៦៦ ករណី និងមានករណីធ្ងន់ធ្ងរចំនួន ៨ ផងដែរ៕

អត្ថបទ៖ ភក្តី