រកឃើញសត្វឆ្កែមួយក្បាលមានផ្ទុកវីរុសកូរ៉ូណានៅហុងកុង
រដ្ឋាភិបាលហុងកុងបានឱ្យដឹងកាលពីថ្ងៃសុក្រថា សត្វឆ្កែមួយក្បាលបានតេស្ដ បង្ហាញលទ្ធផល «វិជ្ជមានបន្ដិចបន្ដួច» ជាមួយវីរុស COVID-19 ខណៈម្ចាស់របស់វាក៏ជាអ្នកឆ្លងវីរុសនេះ។ នាយកដ្ឋានកសិកម្មនិងជលផល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា សត្វឆ្កែនេះមានលទ្ធផលធ្វើតេស្តវិជ្ជមានជាមួយវីរុសបន្ដិចបន្ដួច ហើយលទ្ធផលនេះកំពុងត្រូវបានសិក្សាបន្ដថា តើសត្វឆ្កែមួយក្បាលនេះពិតជាឆ្លងវីរុសមែន ឬគ្រាន់តែដោយសារវារស់នៅក្នុងបរិស្ថានមានវីរុស ដែលធ្វើឱ្យវីរុសទំនៅលើមាត់ និងច្រមុះរបស់វា។ គួរឱ្យដឹងដែរថា ចាប់តាំងពីមានការផ្ទុះឡើងនៃវីរុសនេះ យើងនៅមិនទាន់បានដឹងច្បាស់ថា តើវីរុសនេះវាឆ្លងតាមរយៈអ្វី? ហើយក៏មានការលើកឡើងខុសៗគ្នាពីក្រុមអ្នកសិក្សាស្រាវជ្រាវ។

អ្នកស្រាវជ្រាវខ្លះគិតថា វាបានចម្លងទៅឱ្យមនុស្សដោយសត្វប្រចៀវ ទៅតាមវិធីជាច្រើន ប៉ុន្តែមន្ទីរកសិកម្មហុងកុងបាននិយាយថា វាមិនមានភស្តុតាងដែលថាសត្វចិញ្ចឹមអាចឆ្លង ឬជាប្រភពនៃការបង្ករោគដល់មនុស្សនោះទេ។ ប្រសិនបើមានការបញ្ជាក់ចំពោះឆ្កែមួយក្បាលនេះ វានឹងក្លាយជាករណីដំបូងដែលសត្វចិញ្ចឹមបានឆ្លងវីរុសនេះ ចំពេលមានការផ្ទុះឡើងជាសកល ដែលឥឡូវនេះបានឆ្លងដល់មនុស្សជាង ៨២,០០០នាក់ ហើយបានសម្លាប់មនុស្សជាង ២,៨០០នាក់ នៅចិនដីគោក និងពិភពលោកទាំងមូល។ ឆ្កែមួយក្បាលដែលមានម្ចាស់ជាអ្នកឆ្លងវីរុស COVID-19 មួយនោះ កំពុងត្រូវបានគេដាក់ឱ្យនៅដាច់ដោយឡែក និងតាមដាន ដើម្បីសិក្សាពីលទ្ធភាពដែលវាពិតជាឆ្លងវីរុសនេះមែន៕



អត្ថបទ៖ លីដា
ប្រភព៖ scmp