អនុប្រធានាធិបតីអ៊ីរ៉ង់អ្នកស្រី Masoumeh Ebtekar បានឆ្លងវីរុស COVID-19 ចំពេលមានការព្រួយបារម្ភថា រដ្ឋាភិបាលអ៊ីរ៉ង់ទាំងមូលអាចឆ្លងវីរុសនេះ
អ្នកស្រី Masoumeh Ebtekar អនុប្រធានាធិបតីអ៊ីរ៉ង់ទទួលបន្ទុកកិច្ចការស្ត្រីនិងគ្រួសារ គឺជាមន្រ្តីរដ្ឋាភិបាលអ៊ីរ៉ង់ថ្មីចុងក្រោយដែលបានឆ្លងវីរុស COVID-19 ។ គិតមកទល់ពេលនេះយ៉ាងហោចណាស់មានមន្ត្រីអ៊ីរ៉ង់ ៧នាក់ បានធ្វើតេស្តវិជ្ជមានជាមួយវីរុសនេះ។ គួរឱ្យដឹងដែរថា អ្នកស្រី Ebtekar គឺជាស្ត្រីដែលមានឋានៈខ្ពង់ខ្ពស់បំផុតនៅក្នុងរដ្ឋាភិបាលអ៊ីរ៉ង់ ហើយឥឡូវនេះត្រូវបានគេដាក់ឱ្យធ្វើចត្តាឡីស័កដោយឡែក។ គាត់ត្រូវបានគេឃើញមានវត្តមាននៅក្នុងការប្រជុំគណៈរដ្ឋមន្រ្តីកាលពីថ្ងៃពុធ ដោយអង្គុយចម្ងាយតែប៉ុន្មានម៉ែត្រប៉ុណ្ណោះពីប្រធានាធិបតីលោក Hassan Rouhani ។

មន្ត្រីដែលបានឆ្លងវីរុស COVID-19 ផ្សេងទៀតរួមមាន៖
– លោក Iraj Harirchim អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល។
– លោក Mojtaba Zolnour សមាជិកសភាមកពីទីក្រុង Qom និងជាប្រធានគណៈកម្មាធិការសន្តិសុខ និងគោលនយោបាយនៃរដ្ឋសភាជាតិ។
– លោក Mahmoud Sadeghi សមាជិកសភាមកពីក្រុង Tehran។
– លោក Morteza Rahmanzadeh អភិបាលក្រុង Tehran ។
– វេជ្ជបណ្ឌិតលោក Mohamad Reza Ghadir ប្រធានផ្នែកគ្រប់គ្រងជំងឺឆ្លងនៅទីក្រុង Qom ។
– លោក Hadi Khosroshahi ដែលជាអ្នកបួសដ៏សំខាន់ និងជាអតីតឯកអគ្គរដ្ឋទូតប្រចាំ Vatican ។ ប្រព័ន្ធផ្សព្វផ្សាយផ្លូវការរបស់អ៊ីរ៉ង់ក៏បានរាយការណ៍ថាលោក Khosroshahi អាយុ ៨១ឆ្នាំ ពេលនេះបានទទួលមរណភាពហើយ។

ករណីដំបូងនៃវីរុស COVID-19 នៅអ៊ីរ៉ង់ត្រូវបានគេរាយការណ៍នៅថ្ងៃទី១៩ ខែកុម្ភៈ នៅទីក្រុង Qom ។ មន្ត្រីក្រសួងសុខាភិបាលនៅថ្ងៃព្រហស្បតិ៍នេះបាននិយាយថា មានករណីចំនួន ២៤៥ ត្រូវបានបញ្ជាក់នៅក្នុងប្រទេស ហើយយ៉ាងហោចណាស់មនុស្សចំនួន ២៦នាក់ បានស្លាប់ដោយសារវីរុសនេះ។ អ្នកជំនាញផ្នែកសុខភាពប៉ាន់ស្មានថា មានករណី COVID-19 ច្រើនទៀតនៅអ៊ីរ៉ង់ ព្រោះអត្រាមរណភាពខ្ពស់ណាស់។ ការបន់ស្រន់ថ្ងៃសុក្រត្រូវបានលុបចោលនៅទីក្រុងតេអេរ៉ង់ និងទីក្រុងចំនួន ២២ ផ្សេងទៀត ហើយសាលារៀន និងសាកលវិទ្យាល័យទាំងអស់ត្រូវបានបិទរហូតដល់ថ្ងៃទី២១ ខែមីនា៕




អត្ថបទ៖ លីដា